James ថា​អត់​ខឹង Zidane ទេ តែ​ពេល​ខ្លះ​ក៏​ឆ្ងល់​ខ្លួន​ឯង​ដែរ​ម៉េច​មិន​បាន​ចូល​លេង

James Rodriguez ត្បិត​ធ្លាប់​ជា​កីឡាករ​មួយ​រូប​ដែល​ Real Madrid ចាយ​លុយ​ក្រាស់ក្រែល​កាល​ពី​អតីត​កាល​ពិត​មែន តែ​មក​ទល់​បច្ចុប្បន្ន​រូប​គេ​ហាក់​មិន​សូវ​ជា​សំខាន់​សម្រាប់​ក្លឹប​ទាល់​តែ​សោះ។ ដូច​ជា​រដូវ​កាល ១៩/២០ កីឡាករ​កូឡុំប៊ី​ ទើប​បាន​ឈរ​ជើង​លើ​ទីលាន ៧២៨ នាទី ខណៈ​ដែល​ជា​មធ្យម​កីឡាករ​ទូទៅ​ក៏​លើស​ពី ១ ពាន់​នាទី​ដែរ។

ជាមួយ​នឹង​បញ្ហា​នេះ James បាន​និយាយ​ប្រាប់​នៅ​បទសម្ភាសន៍​កន្លង​ទៅ​ថា៖ “មូលហេតុ​ដែល​ខ្ញុំ​មិន​បាន​លេង​វា​ក៏​ជា​សំណួរ​ល្អ​ដែល​ខ្ញុំ​ចង់​ដឹង​ដូច​គ្នា ដោយ​ជា​ការ​ពិត​ទៅ​ពេល​អ្នក​ឈ្នះ​ពាន​សំខាន់​ជាមួយ​កីឡាករ​ណា​ហើយ អ្នក​ប្រាកដ​ជា​ទុក​ចិត្ត​លើ​កីឡាករ​នោះ បែប​នេះ​ការ​ផ្លាស់ប្តូរ​វា​ពិត​ជា​លំបាក​ណាស់”។

លោក​បន្ថែម៖ “តែ​វា​ក៏​ពិបាក​សម្រាប់​ខ្ញុំ​ដូច​គ្នា ប្រសិន​អ្នកចាត់ការ​គាត់​មិន​ផ្តល់​ជូន​ពេលវេលា​ទៀងទាត់ ព្រោះ​វា​ពិបាក​នឹង​ការ​ដែល​យើង​អាច​បង្ហាញ​គុណភាព​ដ៏​ល្អ​នៅ​នាទី​បន្តិចបន្តួច​នោះ និយាយ​ទៅ​មិន​អាច​ធ្វើ​គ្រប់​យ៉ាង​អស់​ពី​ខ្លួន​បាន​ទេ”។

និយាយ​ជុំវិញ​រឿង Zidane ខ្សែ​បម្រើ​រូប​នេះ​បញ្ជាក់៖ “គ្មាន​បញ្ហា​អ្វី​ទេ​រវាង​ខ្ញុំ​និង​គាត់ ដោយ​រាល់​គ្រូ​បង្វឹក​ទាំង​អស់​គាត់​មាន​ការ​សម្រេច​ចិត្ត​រៀង​ខ្លួន យ៉ាងណាមិញ​ខ្ញុំ​នៅ​តែ​ព្យាយាម​ហ្វឹកហាត់​ ព្រោះ​ពេល​ដល់​ពេល​របស់​ខ្ញុំ ខ្ញុំ​នឹង​អាច​បង្ហាញ​ទៅ​បាន​ល្អ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT