កំណត់ត្រា​ ១៤ ឆ្នាំ​មុន​នៅ Serie A ទី​បំផុត Ronaldo បំបែក​បាន​ហើយ​កាល​ពី​យប់មិញ

នៅ​ជំនួប​រវាង​ក្លឹប Bologna និង Juventus បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ០-២ ដោយ​កីឡាករ Cristiano Ronaldo និង Paulo Dybala សម្រេច​ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់​នៅ​តង់​ទី​មួយ។

ក្រៅ​ពី​ការ​ជួយ​ឲ្យ​ក្លឹប​យក​បាន ៣ ពិន្ទុ ទៀត​សោត​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ ៧ ក៏​បាន​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​របស់​អតីត​ជើង​ចាស់​លោក Rui Costa ថែម​ទៀត​ផង។

នោះ​គឺ​កំណត់ត្រា​រក​គ្រាប់​បាល់ នាម​ជា​កីឡាករ​ព័រទុយហ្គាល់​រក​បាន​ច្រើន​បំផុត​ប្រចាំ​លីគ Serie A ដោយ​ចន្លោះ​ឆ្នាំ ១៩៩៤ ដល់ ២០០៦ គ្រា​លេង​ឲ្យ​ក្លឹប Fiorentina និង Milan លោក​រក​បាន ៤២ គ្រាប់។

ដោយ​ឡែក ១ គ្រាប់​យប់​មិញ​របស់ Ronaldo ដែល​ជា​គ្រាប់​បាល់​ទី ២២ សម្រាប់​រដូវ​កាល​ ១៩/២០ និង​ជា​គ្រាប់​បាល់​ទី ៤៣ រាប់​តាំង​ពី​ផ្ទេរ​មក​លេង​ឲ្យ​លីគ​អ៊ីតាលី។

បញ្ជាក់​ថា​នៅ Premier League និង LaLiga ក៏ Ronaldo ជា​កីឡាករ​ព័រទុយហ្គាល់​ដែល​រក​បាន​ច្រើន​បំផុត​ដូច​គ្នា ដោយ​នៅ PL ធ្វើ​បាន ៨៤ គ្រាប់ រី​ឯ​នៅ LaLiga ធ្វើ​បាន ៣១១ គ្រាប់៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT