Neville ថា De Gea លែង​ជា​អ្នកចាំទី​ដៃ​ស្អិត​ដូច​មុន​ទៀត​ហើយ

Gary Neville អតីត​ខ្សែ​ការពារ​ជើង​ចាស់​នៅ​ក្លឹប​បិសាច​ក្រហម បាន​បង្ហាញ​ការ​យល់​ឃើញ​ថា អ្នកចាំទី David de Gea លែង​ជា​កីឡាករ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​រូប​ដូច​មុន​ទៀត​ហើយ។

De Gea ​បាន​បង្កើត​កំហុស​ញយ​ដង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​អំឡុង​ពេល​លេង​នៅ World Cup ២០១៨ មក​ម្ល៉េះ រហូត​ដល់​ប្រកួត​ថ្មីៗ​នេះ​ពេល​ប៉ះ Spurs ក៏ De Gea បាន​បង្កើត​កំហុស​មួយ​ទៀត​ដែរ។

Neville បាន​និយាយ៖ “គាត់​ធ្លាប់​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​ឲ្យ United នៅ ៤ ឆ្នាំ​មុន តែ​ពេល​នេះ​គាត់​លែង​ដូច​មុន​ហើយ ​ដោយ​ថា​ប្រសិន​យើង​ធ្លាក់​ទម្រង់​លេង​ត្រឹម ៦ ខែ​នោះ​អាច​ជា​រឿង​សាមញ្ញ​មួយ តែ​បើ​ដល់​រយៈ​ពេល ១ ឆ្នាំ​វា​គួរ​ជា​ពេល​ដែល​អ្នក​ត្រូវ​បារម្ភ​ហើយ”។

លោក​សង្កត់​ធ្ងន់៖ “ធ្លាប់​តែ​មនុស្ស​ម្នាក់​ដែល​គ្រប់​គ្នា​ពឹងផ្អែក​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​រូប​លើ​ទីលាន តែ​ពេល​នេះ​ De Gea កំពុង​បង្កើត​កំហុស​ជា​ច្រើន ដោយ​កាល​គាត់​ពាក់​ឈុត​អេស្ប៉ាញ​នៅ World Cup ២០១៨ ក៏​គាត់​ទទួល​ការ​រិះគន់​ពី​អ្នក​គាំទ្រ​ដូច​គ្នា បែប​នេះ​ពី​ពេល​នោះ​ហើយ​ដែល​គាត់​អាច​មាន​ការ​សង្ស័យ​លើ​ខ្លួន​ឯង ពោល​គឺ​គាត់​លែង​ដូច​ពី​មុន​ហើយ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT