Richarlison ថា Van Dijk គេ​ធ្លាប់​អូស​បាល់​ដាច់​ហ្នឹង ខ្សែ​ការពារ ៣ រូប​នេះ​ទើប​ល្អ​ជាង

កៀក​ដល់​ថ្ងៃ​ត្រូវ​ប៉ះ​គ្នា​រវាង​ក្លឹប Liverpool និង Everton ​ក្រឡេក​ទៅ​មើល​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ស្ករ​គ្រាប់​ Everton គឺ​កីឡាករ Richarlison បាន​និយាយ​អំពី Virgil van Dijk ដោយ​បដិសេធ​មិន​ទទួល​ស្គាល់​ថា កីឡាករ​ហូឡង់​ជា​ខ្សែ​ការពារ​ល្អ​ដាច់​គេ​នោះ​ទេ។

បុរស​វ័យ ២៣ ឆ្នាំ​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ Desimpedidos ដោយ​និយាយ​ថា៖ “មនុស្ស​ជា​ច្រើន​គេ​និយាយ​អំពី Van Dijk ពិត​ណាស់​គាត់​ជា​ខ្សែ​ការពារ​ល្អ​មួយ តែ​ការ​ពិត​ទៅ​ខ្ញុំ​ធ្លាប់​បណ្តើរ​បាល់​ផុត​គាត់​ទេ​តើ”។

លោក​បន្ថែម​ថា៖ “គាត់​ត្រូវ​បាន​គេ​ជ្រើសរើស​ថា​ស្ថិត​នៅ​ចំណោម​ខ្សែ​ការពារ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក ដោយ​មាន​រដូវ​កាល​ដ៏​អស្ចារ្យ​តែ​ខ្ញុំ​ថា​មាន ៣ រូប​ផ្សេង​ទៀត​ល្អ​ជាង​នេះ នោះ​គឺ Thiago Silva, Marquinhos និង Sergio Ramos ឯ​ណោះ​ទេ”។

បញ្ជាក់​ថា​ជំនួប Merseyside នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ ​មិថុនា វេលា​ម៉ោង ១:០០ នាទី​ព្រឹក នៅ​ឯ​កីឡដ្ឋាន​ Goodison Park ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT