Juventus ធ្លាប់​ជា​ក្រុម​ខ្លាំង តែ​ឆ្នាំ​នេះ​ប្រឈម​គ្មាន​ពាន​លើក​សូម្បី​មួយ បើ​ធ្លោយ​រឿង​ទាំង​នេះ

ជា​ជើង​ឯក​ឈ្នះ​ពាន​រង្វាន់​នៅ Serie A ៨ រដូវ​កាល​ជាប់​គ្នា និង​ជាប់​ឈ្មោះ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អឺរ៉ុប នា​រដូវ​កាល ២០១៩/២០ នេះ ក្លឹប Juventus បាន​នឹង​កំពុង​ក្លាយ​ជា​ក្រុម​មួយ​ដែល​ប្រឈម​គ្មាន​ពាន​លើក​សូម្បី​តែ​មួយ។

ពាន​ក្នុង​ស្រុក​ពីរ រួម​មាន Coppa Italia ននិង Supercoppa Italiana គឺ​សេះ​បង្កង់​បាន​របូត​ជា​បន្តបន្ទាប់ ដោយ​កាល​ពី​ខែ​ធ្នូ​ចាញ់​នៅ​ពាន Supercoppa ១-៣ ទល់ Lazio ហើយ​យប់​មិញ​នេះ​ចាញ់ Napoli នៅ​ពាន Coppa Italia ថែម​ទៀត។

នៅ​សល់​តែ​ពាន ២ ប៉ុណ្ណោះ​ដែល​ក្លឹប​មាន​ឱកាស​ប្រកួតប្រជែង ហើយ​សុទ្ធសឹងតែ​ស្ថិត​នៅ​តំបន់​ដ៏​តានតឹង​ដូច​គ្នា។

តារាង​ពិន្ទុ​ក្របខ័ណ្ឌ Serie A មិន​អាច​ធានា​ថា Juventus នឹង​ឈ្នះ​ពាន​នៅ​ភាគរយ​ខ្ពស់​នា​រដូវ​កាល​នេះ​ឡើយ ដោយ Lazio បាន​តាម​យ៉ាង​ប្រកិត​នៅ​ចាញ់​តែ ១ ពិន្ទុ​គត់ រុញ​ឲ្យ​មាន​ការ​រំពឹង​ទុក​ជា​ច្រើន​ថា Lazio អាច​នឹង​ប្តូរផ្តាច់​បំបែក​កំណត់ត្រា​ឈ្នះ​ពាន​បណ្តាក់​គ្នា ៨ ឆ្នាំ​របស់​សេះ​បង្កង់​ឲ្យ​បាន។

រី​ឯ​នៅ UEFA Champions League គឺ Juventus បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ Lyon នៅ​លទ្ធផល ១-០ កាល​ពី​លេង​នៅ​ទឹកដី​បារាំង ហើយ​ការ​ប្រកួត​ជើង​ទី ២ នឹង​សម្រេច​ជោគវាសនា​ច្បាស់ការ​របស់​ក្រុម​នេះ ដែល​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ៧ ឬ ៨ សីហា​ឆ្នាំ ២០២០ ដោយ​ចាំបាច់​ទាមទារ​ឲ្យ Juventus យក​ឈ្នះ​ដាច់​ ២-០ ឬ ២-១ ជា​កំហិត​ទៅ​លើ Lyon ទើប​អាច​បន្ត​ដំណើរ​ទៅ​វគ្គ​ ៨ ក្រុម​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT