CAMSOC បន្តពិភាក្សាលើនិមិត្តសញ្ញាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានដឹកនាំកិច្ចប្រជុំលើរបៀបវារៈសំខាន់ៗចំនួនពីរ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ គឺការត្រួតពិនិត្យចុងក្រោយទៅលើស្លាកសញ្ញា (Logo) និងកែសម្រួលលើនិមិត្តសញ្ញា (Mascot) ក៏ដូចជាកែសម្រួលលើពាក្យស្លោក ឬបាវចនា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC អះអាងក្រោយកិច្ចប្រជុំថា ការពិនិត្យពិចារណាទៅលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនានេះ គឺដើម្បីធ្វើយ៉ាងណាឱ្យទស្សនៈទាននៃស៊ីហ្គេម ឆ្នាំ២០២៣របស់យើងមានភាពទូលំទូលាយ និងទទួលយកបានទាំងបណ្តាប្រទេសអាស៊ានទាំងអស់។

ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាគ្នាលើការរៀបចំទទួលធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយបញ្ចប់ ស៊ីហ្គេម ដោយយើងបានធ្វើពង្រាងកាលបរិច្ឆេទ ដោយយកថ្ងៃទី១ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ហើយម្យ៉ាងទៀតយើងបានពិនិត្យរួមគ្នាអំពីស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ដោយគ្រាន់តែផ្លាស់ប្តូរបន្តិចបន្តួចទៅតាមរបៀប និងបច្ចេកទេសរបស់ជនពិការ។ ចំពោះពិធីបើក-បិទ គឺកិច្ចប្រជុំបានពិភាក្សាគ្នាដោយធ្វើដោយឡែកពីគ្នា ប៉ុន្តែការរត់ភ្លើងគុប គឺធ្វើរួមគ្នាតែមួយជាមួយស៊ីហ្គេមដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT