អ្នកចាត់ការ Dortmund និយាយ​ពី​អនាគត​មិន​ប្រាកដប្រជា​របស់ Jadon Sancho

Jadon Sancho ដែល​ល្ហិចល្ហៀង​ថា​អាច​នឹង​ចាកចេញ​ពី​ក្លឹប​នា​ទីផ្សារ​ដោះដូរ​ខាង​មុខ ក៏​ត្រូវ​បាន​លោក Lucien Favre ជា​អ្នកចាត់ការ​ក្លឹប Dortmund ​ហាក់​ដាក់​សម្ពាធ​បន្ថែម​ជុំវិញ​ចចាមអារ៉ាម​នេះ ល្មម​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​ដែល​ចង់​បាន​កីឡាករ​អង់គ្លេស​កាន់​តែ​ពុះ​កញ្រ្ជោល​ខ្លាំង​ឡើង។

បុរស​វ័យ ២០ ឆ្នាំ​រង​ចចាមអារ៉ាម​ថា​ United អាច​នឹង​ចាយ​លុយ​ធំ​ទិញ​យក​រូប​គ​មក​កាន់ Old Trafford ក្រោយ​មើល​ឃើញ​ពី​គុណភាព​ដ៏​ប៉ិនប្រសព្វ​ដែល Sancho អាច​រក​បាន​ ១៧ គ្រាប់​និង Assist ១៧ លើក​ឲ្យ​ក្រុម​ទាំង​មិន​ទាន់​ចប់​រដូវ​កាល។

យ៉ាងណាមិញ​តាម​ការ​លើក​ឡើង​របស់​គ្រូ លោក Favre បាន​និយាយ​ប្រាប់ The Mirror ថា៖ “យើង​នឹង​បាន​ឃើញ​ក្រោយ​ចប់​រដូវ​កាល ដោយ​ពិត​ណាស់​នឹង​មាន​កីឡាករ​អាច​ចាកចេញ ដូច​អ្នក​បាន​និយាយ​ពីរ​រូប​ខាង​លើ​ហើយ [Hakimi និង Sancho] គឺ​យើង​ក៏​មិន​ទាន់​ដឹង​ច្បាស់​ពី​អនាគត​របស់​ពួក​គេ​ដែរ”។

លោក​សង្កត់​ធ្ងន់៖ “តាម​ពិត​ទៅ បើ​ពួក​គេ​អាច​បន្ត​នៅ​ជាមួយ​យើង នោះ​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ តែ​យើង​មិន​ទាន់​អាច​ដឹង​ច្បាស់​នោះ​ទេ ថា​យើង​នឹង​ចាត់ចែង​បែប​ណា​សម្រាប់​កីឡាករ​នៅ​តំណែង​ការពារ បម្រើ​ឬ​ប្រយុទ្ធ​នេះ”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT