Neville៖ Alisson ​ជា​តួ​អង្គ​សំខាន់​សម្រាប់ Liverpool ​ជោគជ័យ​បច្ចុប្បន្ន​នេះ​

​អតីត​ខ្សែ​ការពារ Manchester United ​លោក Neville ​បាន​អះអាង​ថា​ក្រុម Liverpool ​ជោគជ័យ​មក​ដល់​ពេល​នេះ គឺ​ដោយសារ​តែ​មាន​អ្នក​ចាំ​ទី​ Alisson ​ជួយ​រួម​ចំណែក​យ៉ាង​ធំ​ធេង។

​ក្រុម Liverpool ​២​រដូវ​កាល​មក​នេះ ឃើញ​ថា​ទទួល​បាន​ជោគជ័យ​ច្រើន។ ជាក់​ស្ដែង​រដូវ​កាល​មុន ពួកគេ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង​បាន​លេខ​២​ក្នុង​លីគ​ប្រដេញ Manchester City ​។ ​ខណៈ​ដែល​រដូវ​កាល​នេះ​វិញ ​ពួកគេ​កំពុង​ដាច់​ពិន្ទុ​ខ្លាំង​ក្នុង​លីគ​អង់គ្លេស ​ដោយ​រំពឹង​ថា​ឈ្នះ​២​ប្រកួត​ទៀត គឺ​លើក​ពាន​រង្វាន់ Premier League ​ជា​ថ្មី​ម្ដង​ទៀត ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

​ការ​ធ្វើ​បាន​ល្អ​នេះ ​ត្រូវ​បាន Gary Neville ​ឱ្យ​គុណ​សម្បត្តិ​ទៅ​អ្នក​ចាំទី Alisson ​ច្រើន​ជាង​ខ្សែ​ការពារ Virgil van Dijk ​ទៅ​ទៀត។ ​អតីត​កីឡាករ Man Utd ​យល់​ឃើញ​ថា​៖ “ខ្ញុំ​គិត​ថា Alisson ​ជា​អ្នក​ធ្វើ​ឱ្យ Liverpool ​ឈ្នះ​ពាន​រង្វាន់​លីគ។ ​មនុស្ស​ជា​ច្រើន​មើល​ឃើញ Van Dijk ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​មិន​ដូច្នេះ​ទេ។ ​ក្រុម Liverpool ​មាន​បញ្ហា​អ្នក​ចាំទី​ច្រើន​ឆ្នាំ​មក​ហើយ ​ពេល Alisson ​ចូល​មក​ដល់ គ្រប់​យ៉ាង​បាន​ប្រែប្រួល។ ពេល​អ្នក​មាន​អ្នកចាំទី​ល្អ ​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​បាន​ច្រើន​ហើយ ​នោះ​វា​នឹង​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​ក្រុម ​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​បាន”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT