សហព័ន្ធប៉េតង់ប្រកាសប្រកួតជ្រើសរើសកីឡាការិនីជម្រើសជាតិ៥នាក់

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រកាសជូនដល់បណ្តាក្លឹប-សមាគម ក្រសួង រាជធានីខេត្តថា សហព័ន្ធនឹងត្រៀមការប្រកួតកីឡាប៉េតង់ ជ្រើសរើសកីឡាការិនីជម្រើសជាតិ ឆ្នាំ២០២០ ចំនួន៥នាក់ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ នៅទីលានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្ថិតនៅពហុកីឡដ្ឋានជាតិ​អូឡាំពិក។

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីជូន ដំណឹងរបស់ខ្លួនថា សម្រាប់ការប្រកួតជម្រើសរើសកីឡាការិនីជម្រើសជាតិនេះ គឺតែលើវិញ្ញាសាប្រកួតមាន ១ទល់១ ដោយកំណត់នូវលក្ខខណ្ឌនៃការចូលរួម គឺជាកីឡាការិនីស្ថិតក្នុងសមាគម ឬក្លឹប ដែលចំណុះឱ្យ​សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយមានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ។ ការទទួលពាក្យចូលរួម​ប្រកួត​ចាប់ពីពេលផ្សាយដំណឹងនេះរហូតដល់បិទបញ្ចប់នាថ្ងៃទី២០ ខែមិថុនា ហើយការប្រជុំចាប់ឆ្នោតនឹងត្រូវ​ប្រព្រឹត្តទៅនាថ្ងៃប្រកួត នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០មុនកន្លះម៉ោង បន្ទាប់មកគឺចាប់ផ្តើមប្រកួតតែម្តង នៅវេលាម៉ោង៨ព្រឹក។

ប្រភេទកីឡាប៊ូល និងប៉េតង់កម្ពុជា ជាប្រភេទកីឡាសក្តានុពលមួយ ក្នុងចំណោមប្រភេទ​កីឡាសក្តា នុពលជាច្រើនទៀត ដែលធ្លាប់ដណ្តើមបានមេដាយជាច្រើនជាបន្តបន្ទាប់ពីលើឆាកអន្តរជាតិ ក្នុងនោះដូចជាព្រឹត្តិការណ៍ ជើងឯកពិភពលោក ជើងឯកអាស៊ី និងកីឡាស៊ីហ្គេម រៀងរាល់២ឆ្នាំម្តងផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT