តាមរយៈការប្រជុំរវាងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅរសៀលនេះ ការចាប់គូប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ វគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ១១:០០ព្រឹក។
ក្រុមទាំង៨ដែលឡើងមកដល់វគ្គ៨ក្រុមចុងក្រោយថ្នាក់ខេត្តមាន៖
ចំណាត់ថ្នាក់ទី ១ ខេត្តសៀមរាប
ចំណាត់ថ្នាក់ទី២ ខេត្តព្រៃវែង
ចំណាត់ថ្នាក់ទី៣ ខេត្តកំពង់ស្ពឺ
ចំណាត់ថ្នាក់ទី៤ ខេត្តកែប
ចំណាត់ថ្នាក់ទី៥ ខេត្តកំពង់ឆ្នាំង
ចំណាត់ថ្នាក់ទី៦ ខេត្តត្បូងឃ្មុំ
ចំណាត់ថ្នាក់ទី៧ ខេត្តកោះកុង
ចំណាត់ថ្នាក់ទី៨ ខេត្តកណ្តាល
ចំពោះចំណាត់ថ្នាក់ទី១ ដល់ទី៤ គឺនៅរង់ចាំដោយស្វ័យប្រវត្ត ដោយឡែកគឺចាប់គូតែចំណាត់ថ្នាក់ទី៥ ដល់ទី៨ប៉ុណ្ណោះ ប្រសិនជាមានគូរប្រកួតណាមួយធ្លាប់ជួបគ្នានៅក្នុងពូលរួចហើយ មិនតម្រូវអោយជួបគ្នាម្តងទៀតទេ គឺតម្រូវអោយផ្លាស់ប្តូរ ដោយធ្វើការចាប់គូឡើងវិញម្តងទៀត។
ការប្តូរកីឡាករ : ប្តូរបាន ៥នាក់ (ក្នុងមួយប្រកួត), ការប្តូរធ្វើឡើងតែ ៣លេីក ប៉ុណ្ណោះ (មិនរាប់បញ្ចូលការប្តូរ ពេលសម្រាកចន្លោះវគ្គ)
– វិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួត ដោយមាន៩ចំណុច
ព័ត៌មានអំពី ជំងឺកូវីដ១៩
ដំណើរការចាប់ផ្តើមឡើងវិញ និងសណ្ឋានការប្រកួត
វិធានការអនុវត្តការពារដល់ក្រុម និងក្រុមការងារ
វិធានណែនាំសម្រាប់ករណីឃើញរោគសញ្ញាសង្ស័យ ឬលទ្ឋផលវិជ្ជមាននៃជំងឺកូវីដ១៩
វិធានណែនាំក្នុងដំណើរការរៀបចំការប្រកួត
វិធានណែនាំសម្រាប់ការងារផ្សព្វផ្សាយ
វិធានណែនាំការប្រកួតមិនមានអ្នកចូលទស្សនា
វិធានណែនាំសម្រាប់សកម្មភាពហ្វឹកហាត់របស់ក្លិប និងកីឡាករ
ក្នុងគោលបំណងសម្របទៅតាមវិធានការអនាម័យចេញដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានដាក់វិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួត ដោយមាន៩ចំណុចមុនដំណើរការសាជាថ្មីនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។
ដោយហេតុនេះហើយ ក្រុមទាំង៨ឈានដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រួមទាំងមន្ត្រីរៀបចំការប្រកួតទាំងអស់ត្រៀមចូលរួមពិនិត្យសុខភាព និងតម្រូវអោយបាញ់ថ្នាំនៅតាមបរិវេណទីលានកីឡដ្ឋានទាំងអស់។
ពាក់ព័ន្ធនឹងការពិនិត្យសុខភាពនេះដែរ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC បញ្ជាក់ថា ប្រសិនបើរកឃើញបុគ្គលិក និងកីឡាករណាមួយមានអការៈមិនប្រក្រតី គឺអនុវត្តតាមគោលការណ៏របស់ក្រសួងសុខាភិបាល ដូចជាការចត្តាឡីស័កនិងការពិនិត្យ។
ថ្នាក់ដឹកនាំដដែលបន្ថែមថា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងដាក់កំហិតក្លិបទាំងអស់ អោយមានការតាមដានការពិនិត្យកម្ដៅជាប្រចាំយ៉ាងហោចណាស់អោយបាន ២ លើកមុនថ្ងៃប្រកួតដើម្បីដឹងច្បាស់ពីអាការៈ ថាតើមានភាពប្រក្រតីឬអត់។ ចំណែករៀងរាល់ការប្រកួត កីឡាករ និងបុគ្គលិកទាំងអស់ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅឡើងវិញម្តងទៀតជាលើកទី៣មុនចូលទៅកាន់ទីលានប្រកួត។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នារបស់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្របខណ្ឌ Metfone Cambodian League ឡើងវិញចាប់អនុវត្តពីថ្ងៃទី១ខែមិថុនា ក្រោយផ្អាកមួយរយៈធំ ដោយសារជំងឺកូវីដ១៩។ ខណៈការប្រកួតនានាត្រូវធ្វើឡើងដោយមិនមានអ្នកចូលរួមទស្សនាផ្ទាល់ ពោលមានត្រឹមតែកីឡាករ កីឡាការិនី និងក្រុមបច្ចេកទេសពាក់ព័ន្ធ ដោយត្រឹមតែ១០០នាក់៕
រូបភាពនិងប្រភព៖ CNCC