ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ឃុន ឌីម៉ា នៅតែរក្សាឆន្ទៈរបស់ខ្លួនក្នុង ការចង់វិលត្រឡប់មកចូលរួមប្រកួតលើសង្វៀនប្រដាល់គុនខ្មែរឡើងវិញ ក្រោយពីកីឡាកររូបនេះរងរបួស សរសៃជង្គង់ ពេលប្រកួតអន្តរជាតិកាលពីជាង១ឆ្នាំកន្លះកន្លងទៅ។
ម្ចាស់មេដាយមាសប្រដាល់គុនខ្មែរ ឃុន ឌីម៉ា ទទួលរងរបួសប៉ះពាល់សសៃជង្គង់ និងបាន វះកាត់នៅប្រទេសថៃ ដែលបានសម្រាកពីអាជីពប្រដាល់ប្រមាណជាជាង១ឆ្នាំកន្លះ បច្ចុប្បន្ននេះបាន ជាសះស្បើយពីការវះកាត់សសៃជង្គង់ប្រមាណជា៨០ភាគរយហើយៗ កំពុងតែបន្សាំការហ្វឹកហាត់ជា ជំហានៗត្រៀមវិលត្រឡប់ចូលសង្វៀនប្រដាល់ ក្នុងពេលជាសះស្បើយល្អឡើងវិញ។
នៅក្នុងឱកាសមកប្រគល់មេដាយមាសជូនសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅដើមសប្តាហ៍នេះ កីឡាករ ឃុន ឌីម៉ា បានអះអាងថា គិតមកដល់ពេលនេះ ស្ថានភាពរបួសសសៃជង្គង់ ដែលទទួលធ្វើការ វះកាត់កន្លងមកវាមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយនោះទេ ពោលគឺនៅតែមានភាពឈឺចាប់ នៅឡើយត្រង់កន្លែងវះកាត់ ដោយទាមទារពេលវេលាយូរតទៅមុខទៀត។ ទោះជាយ៉ាងនេះក្តី អតីតកីឡា កររហ័សនាមនាគខ្មៅ មកពីជាយដែនរូបនេះ អះអាងថា ខ្លួនមិនបានបោះបង់ការហ្វឹកហាត់នោះទេ ដោយនៅ តែរក្សាការប្តេជ្ញាចិត្តចង់ប្រកួតឡើងវិញ ហើយបច្ចុប្បន្នកំពុងបន្តព្យាយាមហ្វឹកហាត់ជំហានៗ និងមិនសម្រុក ការហ្វឹកហាត់ឱ្យបានខ្លាំងក្លាដូចមុននោះឡើយ។
កីឡាករដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះបន្ថែមទៀតថា មូលហេតុ ដែលខ្លួននៅតែបន្សាំធ្វើការហ្វឹកហាត់ ទោះបីជាមានការឈឺចាប់ត្រង់មុខរបួស ដែលជាកន្លែងវះកាត់ គឺដោយសាតែគេចង់វិលចូលក្នុងអាជីពប្រដាល់ឡើងវិញ។
គួររម្លឹកថា កីឡាករប្រដាល់គុនខ្មែរឃុន ឌីម៉ា បានចូលប្រឡូកក្នុងអាជីពប្រដាល់ដោយ បាន កសាងកេរ្តិ៍ឈ្មោះខ្លួនល្បីល្បាញនៅសង្វៀនក្នុងស្រុក តាមរយៈការដណ្តើមបានខ្សែក្រវាត់ជើងឯកជា ច្រើនកម្មវិធី មិនត្រឹមតែប៉ុណ្ណោះ ឃុន ឌីម៉ា បានសាងស្នាដៃជូនជាតិមួយផងដែរ នៅឆ្នាំ២០១៧ គឺការដណ្តើមបានមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី៕