Jesus Olmo អតីតគ្រូពេទ្យរបស់ក្រុម Real Madrid បាននិយាយថា Gareth Bale ជាកីឡាករមានសមត្ថភាពល្អជាង Cristiano Ronaldo ទៅទៀត។
Bale បានផ្លាស់មកលេងនៅ Real Madrid កាលពីឆ្នាំ២០១៣កន្លងទៅ ដោយបានបង្ហាញខ្លួន១៦៩ប្រកួត និងរកគ្រាប់បាល់បាន៨០គ្រាប់ដែរ។ អតីតខ្សែប្រយុទ្ធក្រុម Spurs ម្នាក់នេះ មានបញ្ហារបួសច្រើនតាំងពីផ្លាស់មកលេងនៅអេស្ប៉ាញ ទើបបានជាចំនួនប្រកួតរបស់គេទើបបានជាង១០០ប្រកួត។
សមត្ថភាពរបស់កីឡាករជម្រើសជាតិវែលរូបនេះ បើតាមការមើលឃើញរបស់លោក Jesus Olmo ដែលជាអតីតគ្រូពេទ្យនៅ Real Madrid ថាគឺជាអត្តពលិកឆ្នើមជាងគេហើយ ពោលគឺល្អជាង Ronaldo ទៅទៀត។ លោក Olmo និយាយថា៖ “ប្រហែលជាអត្តពលិកឆ្នើមដែលខ្ញុំបានឃើញគឺ Gareth Bale។ គាត់ជាអត្តពលិកដែលមានសមត្ថភាពពីធម្មជាតិក្នុងការលេងកីឡា។ គាត់មានសមត្ថភាពនិងបច្ចេកទេសលេងបានយ៉ាងល្អ ដែលធ្វើឱ្យខ្ញុំពេញចិត្តយ៉ាងខ្លាំង”៕ប្រភព Goal