អតីត​ខ្សែ​ប្រយុទ្ធ Chelsea ​ថា​បើ PSG លក់​កីឡាករ​រូប​នេះ​ចេញ ​គឺ​ជា​កំហុស​ធ្ងន់​ណាស់

ក្រោយ​ការ​មក​ដល់​របស់​កីឡាករ Mauro Icardi ពី​ក្លឹប Inter Milan ​លើ​កុងត្រា​ពេញលេញ​ផ្លូវការ អនាគត​របស់ Edinson Cavani ​មើល​ឃើញ​ហាក់​កាន់​តែ​មាន​មន្ទិល​សង្ស័យ​ឡើង ស្រប​ពេល​ដែល​កុងត្រា​សេសសល់​របស់​គេ​ក៏​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា​នេះ។

តាម​ការ​យល់​ឃើញ​របស់ Nicolas Anelka អតីត​កីឡាករ​នៅ Chelsea បាន​ជំរុញ​ឲ្យ PSG គួរ​តែ​បន្ត​ការ​ចរចា​ត​កុងត្រា​ឲ្យ​កីឡាករ​វ័យ​ចំណាស់​រូប​នេះ ហើយ​ថា​ការ​អនុញ្ញាត​ឲ្យ​គេ​ចេញ​គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ។

Anelka និយាយ៖ “ការ​ដែល​ឲ្យ Cavani ទៅ​គឺ​ជា​កំហុស​ដ៏​ធំ ដោយ​គាត់​ជា​កីឡាករ​ពាក់​អាវ​លេខ ៩ ដែល​អ្នក​លែង​បាន​ឃើញ​ទៀត​ហើយ គាត់​ជា​ខ្សែ​ប្រយុទ្ធ​កំពូល បែប​នេះ​អ្នក​កំពុង​តែ​បង្កើត​ហានិភ័យ​ក្នុង​ការ​ប្រគល់​គាត់​ឲ្យ​ទៅ​ក្លឹប​គូ​ប្រជែង ព្រោះ​គាត់​នឹង​ទៅ​ចូលរួម​នៅ​ក្លឹប​យក្ស​ណា​មួយ​ជា​មិន​ខាន”។

បញ្ជាក់​ថា Cavani បាន​មក​ចូលរួម​នៅ PSG អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​អាច​រាប់​ជា​វីរបុរស​មួយ​រូប​ប្រចាំ​ក្លឹប​ទៀត​ផង ព្រោះ​កំពុង​នាំ​មុខ​រក​បាន​គ្រាប់​បាល់​ច្រើន​ដាច់​គេ​នៅ​ប្រវត្តិសាស្រ្ត​ក្លឹប​សេដ្ឋី​បារាំង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT