លោក Enrique Cerezo ប្រធានក្រុម Atletico Madrid មានទំនុកចិត្តថាក្រុមរបស់ខ្លួននឹងឈ្នះពានរង្វាន់ UEFA Champions League បាននៅរដូវកាលនេះ។
ក្រុម AT Madrid លេងនៅលីគ La Liga មិនល្អខ្លាំងនោះទេ ប៉ុន្តែនៅ UEFA Champions League វិញ ពួកគេបានទម្លាក់ក្រុមការពារតំណែងជើងឯក Liverpool បាននៅវគ្គ១៦ក្រុមចុងក្រោយកន្លងទៅ។ ការលេងបានល្អនៅ UCL នេះហើយ ទើបបានជាធ្វើឱ្យលោក Cerezo ដែលជាប្រធានក្លឹបមានក្ដីសង្ឃឹមថានឹងរកឃើញលទ្ធផលល្អមិនខានក្នុងពានរង្វាន់ធំបំផុតនៅអឺរ៉ុបឆ្នាំនេះ។
“យើងធ្វើបានល្អឆ្នាំនេះ យើងអាចឈ្នះ Champions League បានដោយគ្មានអ្នកគាំទ្រ។ វាគួរតែជាឆ្នាំរបស់យើងហើយ។ យើងបានចាប់ផ្ដើមមិនល្អឡើយនៅ La Liga ប៉ុន្តែនៅ Champions League យើងធ្វើបានយ៉ាងល្អ។ នៅសល់តែប៉ុន្មានប្រកួតទៀតយើងនឹងដល់វគ្គផ្ដាច់ព្រ័ត្រ នេះជាអ្វីដែលយើងចង់បាន”។ សម្ដីរបស់លោក Cerezo ប្រធានក្លឹប AT Madrid ៕ប្រភព Sportskeeda