Miralem Pjanic បានសម្រេចច្បាស់លាស់ហើយថានឹងទៅចូលរួមនៅក្លឹប Barcelona នារដូវក្តៅខាងមុខនេះ ហើយបដិសេធសំណើទាំងឡាយណាមិនថាតែក្លឹប Paris Saint-Germain ឬ Chelsea ដែលចង់បានរូបគេនោះទេ។ នេះបើតាមរបាយការណ៍ពី Marc បានចុះផ្សាយ។
ខ្សែបម្រើរបស់ក្លឹប Juventus រូបនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការចរចារវាងភាគីក្លឹបសងខាងលើតម្លៃសមរម្យណាមួយ ដើម្បីនាំយករូបគេចេញពីទីក្រុង Turin ទៅកាន់ទីក្រុង Barcelona។
ប្រភពបានសង្កត់ធ្ងន់ថា សេះបង្កង់បានច្បាស់លាស់ដូចគ្នាថានឹងមិនទទួលយកសំណើថែមជូន Arthur Melo ជាថ្នូរអ្វីនោះទេ ពោលគឺព្យាយាមធ្វើបែបណាចរចាយកប្រាក់សុទ្ធឲ្យបានកាន់តែច្រើនកាន់តែល្អ។
រំឭកថាបុរសវ័យ ៣០ ឆ្នាំជាប់កុងត្រាសេសសល់ជាមួយ Juventus ដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២៣ ដោយតម្លៃខ្លួនរបស់គេបច្ចុប្បន្នអាចថ្លៃប្រមាណ ៥០ លានអឺរ៉ូ៕ ប្រភព៖ Marca