រឿងរ៉ាវរបស់ Timo Werner គ្រោងនឹងផ្លាស់មកចូលរួមនៅ Chelsea កាលពីប៉ុន្មានថ្ងៃមុន មានចចាមអារ៉ាមឥតឈប់ ថាភាគីក្លឹបទាំងសងខាងចរចាតម្លៃត្រូវរ៉ូវគ្នា នៅឡើយចាំតែថ្ងៃទីផ្សារដោះដូរបើកទ្វារតែប៉ុណ្ណោះ។
យ៉ាងណាមិញដំណឹងនេះ ត្រូវបាននាយកជាន់ខ្ពស់របស់ក្លឹប RB Leizpig គឺលោក Oliver Mintzlaff បានចេញមកច្រានចោល ថាមិនមែនជាព័ត៌មានពិតនោះទេ។
ប្រាប់កាសែត Sky Sports Deutschland ពាក់ព័ន្ធរឿងកីឡាករវ័យ ២៤ ឆ្នាំ លោក Oliver និយាយ៖ “យើងមិនទាន់មានការដោះដូរសម្រេចណាមួយនោះទេ ពោលគឺ Timo Werner នៅតែជាកីឡាករសម្រាប់ RB Leipzig ដដែល ពោលគឺមកទល់ពេលនេះគ្មានការចរចាត្រូវរ៉ូវណាមួយកើតឡើងឡើយ”។
លោកសង្កត់ធ្ងន់៖ “យើងផ្តោតតែលើការព្យាយាមបញ្ចប់រដូវកាល ជាមួយការជម្រុះបានកៅអីលេងនៅ Champions League នោះហើយជារឿងតែមួយគត់ដែលយើងពិភាក្សាជាមួយ Timo”។
បញ្ជាក់ថា Leipzig កំពុងឈរនៅចំណាត់ថ្នាក់ទី ៣ នៅតារាង Bundesliga ដោយនៅសេសសល់ការប្រកួត ៤ ជុំទៀត ដើម្បីសម្រេចក្រុមឈ្នះជើងឯក និងកៅអី Top 4៕ ប្រភព៖ AF