ក្រុម FC Barcelona នឹងនិយាយបន្ដកុងត្រាជាមួយ Lionel Messi នៅខែនេះតែម្ដង ក្រោយពីកុងត្រាចាស់របស់គេនឹងផុតកំណត់នៅត្រឹមឆ្នាំ២០២១។
Messi ផុតកុងត្រានៅឆ្នាំ២០២១ ប៉ុន្តែនៅត្រឹមរដូវក្ដៅនេះ ប្រសិនបើមិនមានការបន្ដកុងត្រាថ្មីទៀតទេ នោះរូបគេក៏អាចចាកចេញពីក្រុម Barcelona បានផងដែរ។ នេះបើតាមកិច្ចសន្យាចាស់ ពោលគឺក្លឹបមិនអាចហាមឃាត់បានឡើយ បើមិនមានកុងត្រាថ្មីទាន់ពេលទេ។ ដូច្នេះហើយ នៅត្រឹមខែមិថុនានេះ ទើបបានជាក្រុមអ្នកមានបុណ្យចាប់ផ្ដើមចរចាបន្ដកុងត្រាថ្មីទៀតហើយ។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំខាងលើនេះ តែងតែអាចផ្លាស់ប្ដូរកុងត្រារបស់គេបាននៅពេលចប់រដូវកាលនីមួយៗ ព្រោះថាវាជាលក្ខខណ្ឌនៅពេលរូបគេតកុងត្រាកាលពីឆ្នាំ២០១៧មក។ វីរបុរសរបស់ Barcelona នេះ បានជួយក្រុមឈ្នះពានរង្វាន់៣៤ពានហើយ ក្នុងរយៈពេល១៦ឆ្នាំមកនេះ។ ក្លឹបចង់បន្ដកុងត្រាឱ្យ Messi ដើម្បីលេងដល់ចូលនិវត្តន៍នៅក្លឹបនេះតែម្ដង៕ប្រភព Dailymail