គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងថវិកាគាំទ្របានប្រកាសថា នឹងរៀបចំការប្រកួតជើងឯកបាល់ទះអង្គុយជនពិការ ដែលគ្រោងធ្វើនៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងកាលពីពេលថ្មីៗនេះថា ចំពោះកាលបរិច្ឆេទការប្រកួតនឹងជូនដំណឹងនៅពេលក្រោយ ជាពិសេសគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារក្សាសិទ្ធិក្នុងការកែប្រែការប្រកួតអាស្រ័យនឹងស្ថានភាពនៃជំងឺកូវីដ-១៩។
សម្រាប់លក្ខខណ្ឌនៃការចូលរួមប្រកួតត្រូវចុះឈ្មោះចាប់ផ្តើមពីពេលជូនដំណឹងនេះតទៅ និងបញ្ចប់នៅមុនការប្រកួតរយៈពេល១ខែ ហើយការចុះឈ្មោះជាក្រុមមិនតិចជាង៨នាក់ និងមិនច្រើនជាង១២នាក់ រួមទាំងគ្រូបង្វឹក១នាក់ ឬ អ្នកគ្រប់គ្រង១នាក់។ អត្តពលិកត្រូវមានអាយុចាប់ពី ១៨ឆ្នាំដល់ ៥០ឆ្នាំ ដោយក្រុមនីមួយៗត្រូវមានឈ្មោះច្បាស់លាស់ ហើយក្រោយពេលទទួលបានបញ្ជីចុះឈ្មោះ ក្រុមនីមួយៗត្រូវអញ្ជើញឱ្យធ្វើការវាយតម្លៃចំណាត់ថ្នាក់ ប្រភេទពិការតាមស្តង់ដារបាល់ទះអង្គុយ។
ក្នុងករណីក្រុមណាមួយមិនមានសមាសភាព តាមច្បាប់នៃការប្រកួតត្រឹមត្រូវមិនអនុញ្ញាតឱ្យចូលប្រកួតឡើយ។ ទន្ទឹមនឹងនោះគ្រូបង្វឹក និងប្រធានក្រុមត្រូវធានាថា ក្រុមរបស់ខ្លួនបានធ្វើការហ្វឹកហាត់ត្រៀមចូលរួមប្រកួតជើងឯកបាល់ទះអង្គុយជនពិការ ដែលបំពេញតាមខ្នាតបច្ចេកទេសកីឡាបាល់ទះអង្គុយ ដើម្បីចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។
ដោយឡែក សម្រាប់ក្រុមកីឡាករជម្រើសជាតិបាល់ទះអង្គុយឆ្នាំ២០២០ ត្រូវបែងចែកឱ្យចូលរួមជាសមាសភាពក្នុងក្រុមនីមួយៗដោយការស្ម័គ្រចិត្ត។ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក៏បានអំពាវនាវឱ្យបងប្អូនជនពិការ ចូលរួមឱ្យបានច្រើនក្រុមដើម្បីកសាងសក្តានុពលកីឡាជនពិការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣៕