Marcelo ​៖ Real Madrid ​បង្រៀន​ខ្ញុំ ​ឱ្យ​ប្រយុទ្ធ​ទាល់​តែ​នាទី​ចុង​ក្រោយ​

​ខ្សែ​ការពារ​ Marcelo ​បាន​បញ្ជាក់​ថា​ក្រុម Real Madrid ​បង្រៀន​រូបគេ​ឱ្យ​យល់​ច្បាស់​ពី​បាល់ទាត់ ​ហើយ​ចេះ​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុង​ក្រោយ ព្រោះ​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​ឡើង​លើ​ទីលាន។

​ក្រុម Real Madrid ​ជោគជ័យ​ខ្លាំង​មែនទែន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ពួកគេ​បាន​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៣​សម័យ​កាល​ជាប់​គ្នា ​និង​ឈ្នះ​ពាន​រង្វាន់​ធំ​បំផុត​នៅ​អឺរ៉ុប​នេះ​បាន​៤​ដង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​។ ​ជាមួយ​ជ័យជម្នះ​យ៉ាង​ធំធេង​នេះ​ដែរ បាន​ធ្វើ​ឱ្យ Marcelo ​យល់​ឃើញ​ថា​វិស័យ​បាល់ទាត់​ពិតជា​គ្រប់​យ៉ាង​អាច​កើត​មាន​ឡើង​បាន​មែន។

​ខ្សែ​ការពារ​ដែល​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ក្រុម Real Madrid ​ខាង​លើ​បាន​និយាយ​ថា​៖ “រឿង​សំខាន់​នៅ​ពេល​យើង​បាន​ឈ្នះ​ពាន​ហើយ ​គឺ​យើង​នៅ​តែ​ប្រឹងប្រែង​បន្ដ​ទៀត។ យើង​តែងតែ​ចង់​ឈ្នះ​វា​ទៀត​បើ​ទោះ​ជា​យើង​បាន​ឈ្នះ​ច្រើន​ហើយ​ក៏​ដោយ។ ពេល​ខ្ញុំ​មក​ដល់​ទី​នេះ ​Madrid ​បាន​បង្រៀន​ខ្ញុំ​ថា ​ត្រូវ​តែ​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុង​ក្រោយ ​មិន​ត្រូវ​បោះបង់​ចោល​ឡើយ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT