កីឡាករ Lionel Messi បានរងរបួសសរសៃសាច់ដុំ ដែលធ្វើឱ្យរូបគេខកខានហាត់ជាមួយសមាជិកក្រុមកាលពីថ្ងៃពុធម្សិលមិញនេះ។
ក្រុមគ្រូពេទ្យរបស់ក្រុម Barcelona នៅមិនទាន់កំណត់បានទេថាប្រធានក្រុមរូបនេះ នឹងត្រូវសម្រាករយៈពេលប៉ុន្មាន ប៉ុន្តែបើតាមប្រភពនៅអេស្ប៉ាញបញ្ហារបួសនេះអាចមិនធ្ងន់ធ្ងរទេ។ រឿងនេះហើយ បានធ្វើឱ្យកើតជារឿងមិនច្បាស់មួយថា ការប្រកួតបើកឆាក La Liga នៅថ្ងៃទី១៣ខាងមុខនេះ តើ Messi អាចលេងបានឬអត់។ កីឡាករវ័យ៣២ឆ្នាំនេះ គឺជាចំណែកសំខាន់ណាស់ក្នុងក្រុមដើម្បីទទួលបានជ័យជម្នះកន្លងមក។
ជាក់ស្ដែងមុនលីគផ្អាកដោយសារតែ Covid-19 នោះ Messi រកគ្រាប់បាល់បាន១៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានដល់ទៅ១២គ្រាប់ទៅហើយ។ ខណៈដែលបច្ចុប្បន្នក្រុមអ្នកមានបុណ្យនេះ លើសពិន្ទុក្រុម Real Madrid ត្រឹម២ពិន្ទុប៉ុណ្ណោះក្នុងតារាង La Liga ៕ប្រភព Dailymail