ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលជាសមាជិកលីគកំពូលកម្ពុជាបានប្រកាសជ្រើសរើស កីឡាករអាយុក្រោម១៨ឆ្នាំ និងអាយុក្រោម១៦ឆ្នាំបន្ថែមទៀតនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដើម្បីត្រៀមចូលរួមការប្រកួតកម្រិតយុវជននានា។
លោក Yusuke Shinoda អ្នកចាត់ការក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបបានបញ្ជាក់ថា ការជ្រើសរើសបន្ថែមទៀតនេះព្រោះឃើញយុវជនមានស្រាប់មួយចំនួនមិនទាន់ឈានដល់កម្រិតចង់បានហើយម្យ៉ាងក៏ជាកម្មវិធីជ្រើសរើសប្រចាំឆ្នាំដែរ។ លោកបានបន្ដថា ក្លឹបនេះបានបង្កើតក្រុម U18 កាលពីឆ្នាំ២០១៩ដោយមានសមាជិក៣០នាក់ និង១០នាក់កើតឆ្នាំ២០០២ដែលមិនអាចចុះឈ្មោះចូលលេងនៅឆ្នាំនេះបានទេ។
ជាមួយគ្នានេះ យុវជនដែលមានទេពកោសល្យបាល់ទាត់អាចមកធ្វើតេស្តដើម្បីទទួលបានឱកាសក្លាយជាកីឡករយុវជនរបស់ក្លឹបផ្ទាល់និងមានឱកាសអាចជាប់ក្រុមឈុតធំនាពេលអនាគត។ លោកបានបន្ថែមថា សម្រាប់ឈុតអាយុក្រោម១៨ឆ្នាំ យុវជនកើតក្នុងឆ្នាំ២០០៣ឡើងទៅជាអទិភាព និងឈុតអាយុក្រោម១៦ឆ្នាំ យុវជនកើតក្នុងឆ្នាំ២០០៥ឡើងទៅជាអទិភាពនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ម៉ោង ៦ដល់ម៉ោង៨យប់ នៅតារាង Palm Container ទល់មុខសណ្ឋាគារសុខា ផ្លូវ៦០ម៉ែត្រ។