Odion Ighalo តាមពិតទៅត្រូវវិលត្រលប់ទៅក្លឹបអាណាព្យាបាលនៅឯប្រទេសចិន ត្រឹមចុងខែឧសភាកន្លងទៅនេះ ប៉ុន្តែការចរចារវាងភាគីទាំងសងខាងបែរជាទទួលបានជោគជ័យ ហើយរុញឲ្យកីឡាករនីហ្សេរីយ៉ាត្រូវបន្តឈរជើងនៅ United រយៈពេល ៦ ខែបន្ថែមទៀត ពោលគឺដល់ខែមករា ឆ្នាំ ២០២១។
តាមរបាយការណ៍ពី Daily Mail បានចុះផ្សាយ ជុំវិញតម្លៃនៃការចំណាយរបស់ក្លឹប Man Utd ទៅកាន់ក្លឹប Shanghai Shenhua នៅឯប្រទេសចិន ពាក់ព័ន្ធនឹងការបន្តកុងត្រារយៈពេល ៦ ខែបន្ថែមនេះ។
នោះគឺក្លឹប Man Utd បានតម្រូវឲ្យផ្ទេរប្រាក់ចំនួន ១០,៥ លានផោនទៅកាន់ក្លឹបប្រទេសចិន ហើយបន្តជួយទូទាត់ថ្លៃពលកម្មមួយភាគ ពោលគឺស្មើនឹងទំហំទឹកប្រាក់ ១៣០ ០០០ ផោន/សប្តាហ៍ នៃថ្លៃពលកម្មសរុបប្រមាណ ៣០០ ០០០ ផោន/សប្តាហ៍សម្រាប់ Igahlo។
Ighalo នឹងឈានដល់វ័យ ៣១ ឆ្នាំនៅខែមិថុនានេះហើយ ប៉ុន្តែតម្លៃខ្លួននិងថ្លៃពលកម្មរបស់គេហាក់ខ្ពស់កប់ពពកដដែល។
បញ្ជាក់ថាសម្រាប់ការផ្ទេរមកចូលរួមជាមួយ United កីឡាករនីហ្សេរីយ៉ាទើបតែបានបង្ហាញខ្លួន ៨ ប្រកួតប៉ុណ្ណោះ ប៉ុន្តែរូបគេរកបានដល់ទៅ ៤ គ្រាប់និង Assist ១ លើករួចមកហើយ នៅរយៈពេលត្រឹម ៣១៨ នាទីឈរជើងលើទីលានប្រកួត ដែលស្ថិតិនេះត្រូវបានគេប្រមើលមើលថាមានភាពល្អជាងអតីតខ្សែប្រយុទ្ធ Alexis Sanchez ដែលកំពុងខ្វីជើងនៅ Inter Milan ថែមទៀតផង៕
ប្រភព៖ Metro