មេ​ធំ FIFA ​ថា​ទង្វើ​អបអរ​របស់ Sancho គួរ​តែ​ត្រូវ​បាន​សាទរ មិន​គួរ​ត្រូវ​ពិន័យ​ទេ

Jadon Sancho និង​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត បាន​បង្ហាញ​ស្ទាយ​អបអរ​ជា​សញ្ញា​នៃ​ការ​គាំទ្រ​ប្រឆាំង​នឹង​ការ​រើសអើង​ពណ៌​សម្បុរ ជា​ពិសេស​គឺ​ឧទ្ទិស​ដល់​ការ​បាត់បង់​ជីវិត​របស់​បុរស​ស្បែក​ខ្មៅ​លោក George Floyd។

យ៉ាងណាមិញ​សម្រាប់ Sancho ដែល​រក​បាន Hat-Trick នៅ​ប្រកួត​កន្លង​ទៅ​នេះ ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​មួយ​លើ​ទីលាន ហើយ​ថែម​ទាំង​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​កំពុង​បើក​ការ​ពិភាក្សា​ថា​សម្រេច​ដាក់​ពិន័យ​ដល់ Sancho ឬ​អត់​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ក៏​ត្រូវ​បាន​ប្រធាន​ធំ FIFA លោក Gianni Infantino បាន​ចេញ​មុខ​មក​ប្រកាស​ឈរ​នៅ​ខាង​ Sancho ហើយ​ទទូច​ឲ្យ​លីគ​អាល្លឺម៉ង់​មាន​ការ​ពិចារណា​សារ​ជា​ថ្មី ថា​ទង្វើ​របស់ Sancho គួរ​តែ​ត្រូវ​បាន​ទទួល​ការ​សាទរ​ច្រើន​ជាង។

​នៅ​សេចក្តី​ថ្លែងការណ៍​មួយ លោក Infantino បាន​និយាយ​ថា៖ “ដើម្បី​ជៀសវាង​ការ​សង្ស័យ​ទាំង​ឡាយ​ណា ក្នុង​ប្រកួត​របស់ FIFA ដោយ​តាម​រយៈ​ការ​បង្ហាញ​ពី​សំណាក់​កីឡាករ​នៅ Bundesliga គឺ​ពួក​គេ​សម​តែ​នឹង​ទទួល​បាន​ការ​សាទរ គឺ​មិន​សម​ជា​ការ​ពិន័យ​អ្វី​នោះ​ទេ”។

លោក​បន្ថែម៖ “យើង​ត្រូវ​តែ​និយាយ​ថា​ទេ ចំពោះ​ការ​រើសអើង​ជាតិសាសន៍​និង​គ្រប់​ទម្រង់​នៃ​ការ​រើសអើង​ទាំង​អស់ ហើយ​យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​និយាយ​ថា​ទេ​ដូច​គ្នា​ចំពោះ​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ក្នុង​រូបភាព​ណា​មួយ”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT