តាមរបាយការណ៍ពី The Times បានចុះផ្សាយថា ក្លឹប Manchester United ផ្ទាល់គឺជឿជាក់ថាលែងមានការចាប់អារម្មណ៍ណាទៀតហើយពីសំណើនៃភាគីក្លឹបដទៃ ក្នុងការនាំយក Paul Pogba ចេញពី Old Trafford។
ប៉ុន្តែអ្វីដែលជាបញ្ហា គឺនៅសល់តែការអុជអាលនិងការបញ្ឆេះពីសំណាក់ភ្នាក់ងាររបស់ Pogba ផ្ទាល់ នោះគឺលោក Mino Raiola។
បញ្ជាក់ថាតាមព័ត៌មានល្ហិចល្ហៀងកន្លងមក Raiola ហាក់មិនសូវមានទំនាក់ទំនងល្អប៉ុន្មាននោះទេ ជាមួយខាងក្លឹប Manchester United បែបនេះហើយទើបធ្វើឲ្យការចង់បាន Erling Haaland កន្លងទៅត្រូវរងបរាជ័យ [Raiola ជាភ្នាក់ងាររបស់ Haaland]។
ប្រភពបានសង្កត់ធ្ងន់ថា ពេលនេះមិនថាតែក្លឹប Real Madrid ឬ Juventus នោះទេ គឺលែងដាក់សំណើចាប់អារម្មណ៍មកលើកីឡាករបារាំងទៀតហើយ ទៀតសោតខាងក្លឹប Man Utd នេះផ្ទាល់ក៏គ្មានបំណងលក់ចេញកីឡាកររបស់ខ្លួន។
ប្រសិន Pogba មិនចាកចេញនៅទីផ្សារដោះដូររដូវក្តៅ នោះពេលដ៏ខ្លីខាងមុខ យើងនឹងបានឃើញវត្តមានកីឡាករបារាំង អាចរួមជើងលើទីលានជាមួយខ្សែបម្រើប្រយុទ្ធចំណូលថ្មីគឺ Bruno Fernandes ដែលកន្លងមកក៏ធ្លាប់លេចចេញរូបភាពអ្នកទាំងពីរហ្វឹកហាត់រួមគ្នាដែរ៕
ប្រភព៖ BeSoccer