ប្រធានក្លឹបរបស់ Las Palmas (ក្រុមនៅលីគលំដាប់ពីរអេស្ប៉ាញ) លោក Miguel Angel Ramirez បានប្រកាសថា អ្នកគាំទ្ររបស់ខ្លួននឹងអនុញ្ញាតឲ្យចូលទស្សនាការប្រកួតឡើងវិញនៅថ្ងៃទី ១៣ មិថុនាខាងមុខ ពេលក្រុមត្រូវលេងតតាំង Girona។
ទាំង LaLiga Santander និង LaLiga SmartBank បានប្រកាសត្រលប់មកវិញនៅពាក់កណ្តាលខែមិថុនានេះ ក្រោយខកខានអស់រយៈពេល ៣ ខែ។
ប្រាប់កាលពីពេលថ្មីៗនេះ លោក Ramirez និយាយ៖ “អ្នកគាំទ្រអាចមកកីឡដ្ឋានដើម្បីគាំទ្រក្រុម ចាប់ពីថ្ងៃទី ១៣ មិថុនានៅប្រកួតប៉ះ Girona ដោយនៅ Grand Canaria [កោះនៅអេស្ប៉ាញជាទឹកដីកីឡដ្ឋាន) គឺមានសុវត្ថិភាព ហើយយើងអាចនឹងក្លាយជាកីឡដ្ឋានដំបូងគេនៅលីគធំៗ ដែលអាចលេងដោយមានអ្នកទស្សនាចូលរួម”។
បញ្ជាក់ថាកីឡដ្ឋាននោះជាធម្មតាអាចផ្ទុកអ្នកទស្សនា ៣៣ ០០០ នាក់ ប៉ុន្តែតាមការអនុញ្ញាតពីរដ្ឋាភិបាលគឺអាចទទួលប្រមាណ ៣០ ភាគរយនៃចំនួនផ្ទុកប៉ុណ្ណោះ ពោលគឺត្រឹម ១០ ០០០ នាក់នោះឯង ហើយធានាថានឹងរក្សាគម្លាតពីគ្នា៕
ប្រភព៖ Marca