ក្រុមបិសាចក្រហម Manchester United បានពន្យារកិច្ចសន្យាខ្ចីជើង Odion Ighalo រហូតដល់ខែមករាឆ្នាំ២០២១ ដោយបានបង់ប្រាក់១០លានផោនទៀតទៅក្រុម Shanghai Shenhua របស់ចិន។
តាមកិច្ចសន្យាចាស់ កុងត្រាខ្ចីជើងរបស់គេនឹងអស់ត្រឹមថ្ងៃទី៣១ខែឧសភាកន្លងទៅនេះហើយ ប៉ុន្តែដោយសារសាមីខ្លួនចង់បន្ដលេងឱ្យ Man Utd ទៀត ហើយលោក Ole ក៏ពេញចិត្តនឹងសមត្ថភាពរបស់គេផងនោះ ទើបបានជាក្រុមបិសាចក្រហមបន្ដកិច្ចសន្យាខ្ចីជើងនេះទៀត។ កុងត្រាថ្មី នឹងធ្វើឱ្យ Ighalo លេងឱ្យបិសាចក្រហមដល់ខែមករាឆ្នាំ២០២១ ប៉ុន្តែពួកគេត្រូវបង់១០លានផោនឱ្យទៅក្លឹបនៅចិនដែរ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំបាននិយាយក្រោយអាចបន្ដលេងឱ្យ Man Utd ទៀតថា៖ “នេះជាខែថ្មីដែលល្អបំផុត។ ខ្ញុំនឹងបន្ដលេងនៅទីនេះទៀត។ ជួបគ្នាឆាប់ៗអ្នកគាំទ្រ”។ រំលឹកថា Ighalo លេងឱ្យ Man Utd បាន៨ប្រកួតមកហើយ និងរកគ្រាប់បាល់បាន៤គ្រាប់ផងដែរ៕ប្រភព Bbc





