លោក Apisit Im-Amphai បង្ហាញទំនុកចិត្ត​លើ​កូន​ក្រុម​ក្រោយ​ត្រឡប់​មក​ហ្វឹកហាត់​ពេញ​លេញ​វិញ

ក្រោយពីទទួលដំណឹងអំពីការអនុញ្ញាតឱ្យដំណើរការសកម្មភាពប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតបាល់ទាត់ឡើងវិញ ពីក្រសួងអប់រំ យុវជននិងកីឡា ក្លិបបាល់ទាត់បឹងកេត បានចាប់ផ្តើមការប្រមូលផ្តុំហ្វឹកហាត់ជាលើកដំបូងកាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០។

ជុំវិញការត្រឡប់មកចាប់ផ្តើមហ្វឹកហាត់សារជាថ្មី ក្រោយពីសម្រាករយៈពេលជិត ២ខែ កន្លងទៅ លោក Apisit Im-Amphai គ្រូបង្វឹករបស់ក្លិបបឹងកេត បាននិយាយថា៖ “ ខ្ញុំគិតថាគ្រប់គ្នាដែលធ្វើការក្នុងវិស័យកីឡា ពិតជាសប្បាយចិត្ត ដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេត្រឡប់មកបន្តការប្រកួតប្រជែង និងហ្វឹកហាត់ឡើងវិញ ” ។

លោកបន្ថែមថា៖ “ ឥលូវនេះ ខ្ញុំអាចមើលឃើញនូវអ្វីដែលកីឡាកររបស់យើងបានត្រឡប់មកហ្វឹកហាត់ចំនួន ២លើកកន្លងទៅ ហើយខ្ញុំពិតជារីករាយចំពោះពួកគេ ដែលអាចរក្សាកម្លាំង និងកាយសម្បទាបានល្អ ការត្រលប់មកវិញក្នុងពេលនេះ គឺល្អសម្រាប់យើងក្នុងការបន្តការងារទៅមុខទៀត ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការហ្វឹកហាត់ ដូចនេះយើងនឹងត្រៀមខ្លួនដើម្បីធ្វើឱ្យបានល្អតទៅទៀត ” ។

ចំពោះពេលវេលាសម្រាកដ៏យូរកន្លងទៅ បុរសសញ្ជាតិថៃរូបនេះ បាននិយាយថា “ គ្រប់ក្រុមទាំងអស់គឺសុទ្ធតែជាគូប្រកួតដ៏តានតឹងសម្រាប់បឹងកេត ប្រសិនបើយើងមើលងាយលើពួកគេ ” ។

ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ១៨ ខែ មីនា កន្លងទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃមេរោគ COVID-19 ហើយគិតមកទល់នឹងពេលនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ពុំទាន់ចេញនូវកាលវិភាគថ្មីនៅឡើយទេ ៕

អត្ថបទនិងរូបភាព៖ បឹងកេត

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT