គ្រូ​ថ្មី Chelsea ​ចង់​ទុក Hazard ​ដើម្បី​បង្ហាត់​បង្រៀន​បន្ថែម​ទៀត

លោក Maurizio Sarri ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Chelsea ​មាន​បំណង​ចង់​ទុក​កីឡាករ Eden Hazard ​​ដើម្បី​បង្ហាត់​បង្រៀន​បន្ថែម​ទៀត​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

ក្រោយ​ពី​ចប់​ព្រឹត្តិការណ៍ World Cup ​ទៅ​នេះ Hazard ​បាន​បញ្ជាក់​ថា​រូបគេ​អាច​នឹង​រក​ក្លឹប​ថ្មី​ដើម្បី​ស្វែង​រក​បទ​ពិសោធ​ថ្មី​បន្ថែម​ទៀត ក្រោយ​ពី​នៅ​ក្លឹប Chelsea ​ជា​ច្រើន​ឆ្នាំ។ ជាមួយ​ការ​បង្ហើប​យ៉ាង​នេះ Real Madrid ​គឺ​ជា​ក្លឹប​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ អាច​យក​រូបគេ​ទៅ​បាន ប្រសិន​បើ​ហាន​ថ្លៃ​បន្តិច។ យ៉ាងណាមិញ បើ​ទោះ​ជា​មាន​ដំណឹង​នេះ​ក្ដី ប៉ុន្តែ​លោក Sarri ​មាន​បំណង​ចង់​ទុក Hazard ​សិន ​ដើម្បី​បាន​ឱកាស​បង្ហាត់​រូបគេ​បន្ថែម។

“ខ្ញុំ​អាច​សម្រេច​ចិត្ត ក្នុង​ការ​និយាយ​ថា​គាត់​ទៅ​ឬ​នៅ​ពេល​នេះ ប៉ុន្តែ​រឿង​ពិត​នោះ​គឺ​ក្លឹប Chelsea ​ជា​អ្នក​សម្រេច​ទៅ​វិញ​ទេ ថា​លក់​ឬ​មិន​លក់។ ខ្ញុំ​អាច​និយាយ​បាន​ថា​គាត់​ជា​កីឡាករ​កំពូល​ម្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ។ ខ្ញុំ​នឹង​ជួប​គ្នា​តែ​២​នាក់​ដើម្បី​និយាយ​គ្នា ពី​គោល​បំណង​របស់​យើង​រៀង​ខ្លួន។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​នៅ​ជាមួយ​យើង ដើម្បី​បាន​ឱ្យ​ខ្ញុំ​បង្ហាញ​គាត់​បន្ថែម​ទៀត​ពី​បាល់ទាត់”។ សម្ដី​លោក Sarri៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT