Lionel Messi បានបង្ហាញអារម្មណ៍ថាវិស័យបាល់ទាត់ ឬការរស់នៅប្រចាំថ្ងៃនឹងមិនត្រលប់មកដូចដើមវិញឡើយ ក្រោយចប់មេរោគ Covid-19 ក៏ដោយ។
អឺរ៉ុប ហាក់ដូចបើកគ្រប់វិស័យបណ្ដើរៗហើយ រួមទាំងវិស័យបាល់ទាត់ផងដែរ។ លីគតាមបណ្ដាប្រទេសមួយចំនួនបានដាក់ថ្ងៃកំណត់បើកការប្រកួតឡើងវិញ ដោយក្នុងនោះអេស្ប៉ាញនឹងលេងវិញនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។ ដោយការប្រកួតនឹងត្រូវលេងបិទទ្វាមិនឱ្យអ្នកគាំទ្រចូលទស្សនានោះទេ។
ជាមួយការត្រលប់មកលេងវិញនេះដែរ Messi ដែលកំពុងសម្រុកហ្វឹកហាត់ជាមួយក្រុម Barcelona បាននិយាយថា៖ “គ្រប់គ្នាសុទ្ធតែបានមើលឃើញថាពិភពលោកប្រែប្រួលយ៉ាងណា បន្ទាប់ពីគ្រប់យ៉ាងបានកើតឡើង។ មនុស្សជាច្រើនបានឆ្លងកាត់ការលំបាក ដោយសារតែមេរោគ Covid-19 ដែលតម្រូវឱ្យស្ថិតនៅក្នុងផ្ទះរហូត មិនចេញទៅណា។ អ្នកខ្លះទៀត បានបាត់បង់សាច់ញាតិ និងមិត្តភក្ដិ ដោយមិនបានទាំងលាគ្នាផង។ ខ្ញុំគិតថាទាំងវិស័យបាល់ទាត់ និងការរស់នៅប្រចាំថ្ងៃ នឹងប្រែប្រួល មិនដូចមុនទេ”៕ប្រភព Marca