កីឡាចំបាប់បង្ហាញកង្វល់ថាមិនទាន់អាចប្រមូលផ្តុំឡើងវិញទេ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបានគូសបញ្ជាក់ថា ឆ្លងកាត់កិច្ចប្រជុំរបស់ ក្រសួងអប់រំ យុវជន និងកីឡា​ ដែលអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ក្រសួងសុខាភិបាលនោះ គឺ សម្រាប់ប្រភេទកីឡាចំបាប់ មិនទាន់អាចប្រមូលផ្តុំហ្វឹកហាត់ឡើងវិញបានទេ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកីឡាចំបាប់តែងតែហ្វឹកហាត់។ នេះជាបញ្ជាក់របស់លោកនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

កីឡាចំបាប់គឺប្រកួតឯកត្តជន ប៉ុន្តែការហ្វឹកហាត់ត្រូវមានដៃគូខ្លួនប៉ះនឹងខ្លួន ដែលលើចំណុចនេះខុស គោលការណ៍របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលគិតលើគម្លាមបុគ្គលនោះ។ ជាមួយគ្នានេះ គឺនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកពុំ​អនុញ្ញាតឱ្យ​មានការស្នាក់នៅ និងហូបចុងរួមនោះទេ ដែលកន្លងមក ថ្នាលកីឡាចំបាប់ហ្វឹកហាត់រួម និងហូបចុករួម នៅ សាលដំបូលទូកនៃសហព័ន្ធកីឡាចំបាប់កម្ពុជា ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះតែម្តង ដោយកន្លែង ស្នាក់នៅរួម ហូបរួមនេះទទួលបានការឧបត្ថម្ភពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធចំបាប់ ដូច្នេះ ប្រភេទកីឡាចំបាប់គឺមិនទាន់អាចប្រមូលផ្តុំឡើងវិញនៅទីនេះបានទេ។

អគ្គលេខាធិការរូបនេះបន្ថែមថា ក្រោយពីមានការប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់ និងផ្អាកការ ប្រកួតគ្រប់ ប្រភេទកីឡាទាំងអស់ ដោយសារវិបត្តិកូវីដ-១៩នោះ ដែលកីឡាករ កីឡាការិនីថ្នាលមានស្រុក​កំណើត នៅឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ៨៥ភាគរយ ដែលមានចំនួន១២នាក់ និង​មាន ០៣ នាក់នៅខេត្តកំពង់ឆ្នាំង។

នៅវិហារសួគ៌គឺមានការហ្វឹកហាត់ជាប្រចាំ ដែលនៅទីនោះមាន​លោក​គ្រូ ចាប នឿន និងលោកគ្រូ ឌន សៅ ដែលជាគ្រូជម្រើសជាតិថ្នាលនៅវិហារសួគ៌នោះស្រាប់។ ទោះយ៉ាងនេះ​ក្តីការហ្វឹកហាត់នៅវិហារនោះគឺគ្រាន់តែហ្វឹកហាត់កម្លាំងកាយប៉ុណ្ណោះ ហើយមិនអាចហ្វឹកហាត់បច្ចេក​ទេស​ទេ ដោយសារទីនោះមិនមានទីលាន ប៉ុន្តែពេលឆាប់ៗខាងមុខនេះ យើងនឹងរៀបចំកម្រាលហ្វឹកហាត់ ដើម្បី ឱ្យពួកគាត់អាចហ្វឹកហាត់បច្ចេកទេសលើទីលានបាន។

ទោះបីជាមានការលំបាកយ៉ាងនេះក្តី ក៏លោកធិន វិចិត្រ ថានឹងខិតខំរៀបចំការហ្វឹកហាត់ឱ្យបាន ល្អប្រសើរ តាមរយៈការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដែលក្រសួងអប់រំ យុវជន និងកីឡាឱ្យ​សហ​ព័ន្ធកីឡាជាតិនានាគោរព នូវគោលការណ៍សុខាភិបាលនេះឱ្យបានខ្ជាប់ខ្ជួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT