ប្រធាន​ក្លឹប Real Madrid ​បង្ហើប​ថា​នឹង​ទិញ​កីឡាករ​កំពូល​ម្នាក់​មក​វិញ

លោក Florentino Perez ​បាន​បង្ហើប​ប្រាប់​អ្នក​គាំទ្រ​ Real Madrid ​ថា​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ ​ក្លឹប​នឹង​សម្រេច​ទិញ​យក​កំពូល​កីឡាករ​ម្នាក់​មក​រួម​ក្រុម​វិញ បន្ទាប់​ពី Cristiano Ronaldo ​ចាកចេញ។

ការ​ចាកចេញ​របស់ Ronaldo ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​បាត់​បង់​អ្នក​គាំទ្រ​ជា​ច្រើន ​ត្បិត​អី​កំពូល​កីឡាករ​ម្នាក់​បាន​បាត់​ចេញ​ពី​ក្រុម​ទៅ​ហើយ។ យ៉ាងណាមិញ ​លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​ផ្ទាល់​បាន​បង្ហើប​រឿង​សប្បាយ​ចិត្ត​មួយ​ទៅ​កាន់​អ្នក​គាំទ្រ។ ​ដោយ​លោក​បង្ហើប​ថា​នឹង​មាន​ការ​ទិញ​យក​កីឡាករ​កំពូល​ម្នាក់​មក​រួម​ក្រុម​វិញ ហើយ​ដំណើរ​ការ​នោះ ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​នៅ​ឡើយ។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​សម្ដី​របស់​លោក Perez ​ខាង​លើ​ចង់​សំដៅ​ទៅ​លើ​កីឡាករ​រូប​ណា​នៅ​ឡើយ​ទេ។ ​ដោយ​បច្ចុប្បន្ន​នេះ​មាន​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​មិន​ច្បាស់​លាស់​ឡើយ។ ​កាសែត​នៅ​បារាំង ថា Real Madrid ​ចង់​បាន Neymar ​ដើម្បី​ជំនួស​តំណែង​របស់ Ronaldo ។

កាសែត​បែលហ្សិក ​បាន​សរសេរ​ចំណង​ជើង​យ៉ាង​ធំ​ថា Eden Hazard ​ជា​បេក្ខភាព​ល្អ​បំផុត​សម្រាប់ Real Madrid ​ទិញ​យក​ទៅ​ជំនួស Ronaldo ។ ខណៈ​ដែល​កាសែត​នៅ​អង់គ្លេស​វិញ Harry Kane ​ក៏​ជា​កីឡាករ​កំពូល​ម្នាក់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី លេង​ឱ្យ​អធិរាជ​ស​ដែរ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT