CNCC និងបណ្តាក្លឹបបន្តពិភាក្សាការចាប់ផ្តើមប្រកួតទាំងពីរក្របខ័ណ្ឌឡើងវិញ

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានបើកកិច្ចប្រជុំបន្តទៀតស្តីពីការប្រជុំពិក្សាការងារជាមួយ​តំណាងបណ្តាក្លឹបបាល់ទាត់នានាពាក់ព័ន្ធនឹងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូល រដូវកាល ២០២០ ប​ន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាឱ្យ​បើក​ដំណើរការប្រកួតការហ្វឹកហាត់ឡើងវិញជាជំហានៗ ចាប់ពីដើមខែក្រោយនេះ។

ការប្រមូលផ្តុំក្រុមកីឡាករ​បាល់ទាត់​របស់ខ្លួននឹងត្រូវចាប់ផ្តើមនាខែមិថុនា ឆ្នាំ២០២០ ក្រោយពីរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យ​មានការ​ប្រកួត​ឡើងវិញ ប៉ុន្តែត្រូវគោរពលក្ខខណ្ឌចាំបាច់របស់ក្រសួងសុខាភិបាល ហើយក្នុងនោះលេងបិទទ្វារមិន​ទាន់អនុញ្ញាតឱ្យមានអ្នកទស្សនាចូលរួម។

យោងតាមកម្មវិធីប្រកួតថ្មីរបស់គណៈកម្មការ CNCC ផ្ញើជូនតាម​ក្លឹបបានឱ្យដឹងថា ការប្រកួតទាំងពីរក្របខ័ណ្ឌនេះ នឹងចាប់ផ្តើមប្រកួត នាខែកក្កដា តទៅ ដោយពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តវគ្គជម្រុះថ្នាក់ខេត្ត និងពានរង្វាន់លីគកំពូល បន្ត​សប្តាហ៍ទី៦។

ការប្រកួតបាល់ទាត់ទាំងពីរក្របខ័ណ្ឌនេះត្រូវបានផ្អាកសកម្មភាពទាំងស្រុង តាំងពីអំឡុង​ពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដោយសារចូលរួមទប់ស្កាត់នៃវិបត្តិជំងឺកូវីដ-១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT