តាមរបាយការណ៍ពី The Telegraph បានចុះផ្សាយ ក្លឹបកាំភ្លើងធំ Arsenal និង Tottenham Hotspur បានកំពុងប្រជែងលើទីផ្សារដោះដូរ ក្នុងការចរចាចង់នាំយកកីឡាករផុតកុងត្រារបស់ Chelsea មួយរូបនៅទីផ្សារដោះដូរពេលខាងមុខ។
នោះគឺខ្សែប្រយុទ្ធស្លាប Willian ដែលត្រូវផុតកុងត្រានាចុងខែមិថុនានេះ ប៉ុន្តែកីឡាករនៅមានសិទ្ធពិសេសមួយដោយអាចបន្តកុងត្រារយៈពេលខ្លី ជួយក្លឹបដល់រដូវកាលបញ្ចប់សិន មុនក្លាយជាឈ្មោះជាកីឡាករឥតតម្លៃខ្លួន អនុញ្ញាតឲ្យមានការចរចាពីភាគីនៃក្លឹបដទៃ។
បញ្ជាក់ថាខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំ នៅតែបង្ហាញទម្រង់លេងបានល្អគួរសមក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែទំនងដោយសារកត្តាអាយុទើប Lampard ដែលជាគ្រូស្រលាញ់យុវជនជាធំ សម្រេចចិត្តបោះបង់រូបគេ។
តាំងពីផ្លាស់មក Chelsea នាឆ្នាំ ២០១៣ កីឡាករប្រេស៊ីលរកបាន ៥៩ គ្រាប់នៅ ៣២៩ ប្រកួតសរុប នេះរាប់ទាំងការស៊ុត ៥ លើកនិង Assist ៥ ជើងនារដូវកាល ២០១៩/២០ នេះផងដែរ៕
ប្រភព៖ Sportsmole