U-16 កម្ពុជា ទៅសម្ងំហ្វឹកហាត់នៅម៉ាឡេស៊ី ១០ថ្ងៃ មុនហោះទៅឥណ្ឌូនេស៊ីចូលរួមពាន AFF U-16

កាលពីម្សិលមិញ ក្រុមយុវជនជម្រើសជាតិកម្ពុជា U-16 បានធ្វើការហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចាប់ផ្តើមយុទ្ធនាការហ្វឹកហាត់ រយៈពេល ១០ថ្ងៃ មុនធ្វើដំណើរបន្តទៅកាន់ប្រទេសឥណ្ឌូនេស៊ី ចូលរួមប្រកួតពានរង្វាន់ AFF U-16 Championship 2018 ដែលចាប់ផ្តើមនៅចុងខែកក្កដានេះ។

ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំរបស់កម្ពុជានេះ នឹងត្រូវដឹកនាំដោយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Lee Tae Hoon ហើយកាលបរិច្ឆេទនៃការហ្វឹកហាត់នៅម៉ាឡេស៊ី គឺចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៧ ខែ កក្កដា។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា U-16 ស្ថិតនៅក្នុងពូល A រួមជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងហ្វីលីពីន ហើយចាប់ផ្តើមប្រកួតពីថ្ងៃទី ២៩ ខែ កក្កដា ដល់ថ្ងៃទី ៦ ខែ សីហា សម្រាប់វគ្គជម្រុះពូល ។

គួររំលឹកឡើងវិញថា កាលពីឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះពូល B ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៣ ប្រកួត ៥លើក ឈ្នះ ២ និងចាញ់ ៣ប្រកួត ។

ក្នុងឆ្នាំនោះផងដែរ កីឡាករ សៀង ចន្ធា បានឈ្នះពានជាកីឡាករស៊ុតចូលទីច្រើនជាងគេប្រចាំពានរង្វាន់ផងដែរ ពោលគឺ ០៥គ្រាប់ ម្នាក់ឯង ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT