ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំជាមួយសហព័ន្ធជំនាញ ដើម្បីត្រួតពិនិត្យពិភាក្សា វាយតម្លៃ និងស្នើសុំថវិកាជាតិពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រគល់ជូនម្ចាស់ជ័យលាភីមេដាយលើ៣ប្រភេទកីឡា ដែលដណ្តើមបានពីលើឆាកអន្តរជាតិ ដោយកិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំបានដឹកនាំកិច្ចប្រជុំនេះ ព្រមទាំងបានវាយតម្លៃជាមួយ៣សហព័ន្ធ រួមមាន៖ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា ដែលបានបញ្ជូនអត្តពលិករបស់ខ្លួនឈ្នះបានមេដាយសំរឹទ្ធិ៣គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ, សហព័ន្ធវ៉ូវីណាមកម្ពុជា ដែលឈ្នះមេដាយមាស៩គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធិ១២គ្រឿង ពីការទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក នៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៩, និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលឈ្នះមេដាយមាស៤គ្រឿង ប្រាក់១ និងសំរឹទ្ធិ១គ្រឿងពីការប្រកួតជើងឯកអាស៊ី នៅប្រទេសវៀតណាម។
លោកក ឈួន ចន្ថា គ្រូបង្វឹកជម្រើសជាតិកីឡាតុងហ្គីលម៉ូដូកម្ពុជា ដែលដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនចូលរួមការប្រកួតជើងឯកពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ ហើយដណ្តើមបានមេដាយសំរឹទ្ធិ៣គ្រឿងនោះ បានបញ្ជាក់ថា ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីបច្ចេកទេសជំនាញ ក្រោមការដឹកនាំអង្គប្រជុំដោយឯកឧត្តម ប៊ូ ជុំសេរី បានប្រកាសទទួលស្គាល់ថា ការចូលរួមប្រកួតរបស់កីឡាតុងហ្គីលម៉ូដូ មានលក្ខណៈត្រឹមត្រូវតាមគោលការណ៍នីតិវិធីរួចរាល់ហើយ ហើយប្រាក់រង្វាន់លើកទឹកចិត្តនៃមេដាយសំរឹទ្ធិ៣គ្រឿងនេះប្រមាណ ១៣លានរៀល។
ចំពោះប្រភេទកីឡាតុងហ្គីលម៉ូដូមិនមានបញ្ហាអ្វីទេ គឺសមស្របតាមលក្ខណៈបច្ចេកទេសហើយ ខណៈប្រភេទកីឡាប៊ូល និងប៉េតង់មានបញ្ហាបន្តិចចំពោះកីឡាករ កីឡាករិនីបម្រុង លើវិញ្ញាសា ៣នាក់ទល់៣នាក់ ដោយក្រសួងបានស្នើសុំទៅសហព័ន្ធមានឯកសារបញ្ជាក់ថា វិញ្ញាសា ៣ទល់៣នេះមានសិទ្ធិដាក់កីឡាករ ឬកីឡាការិនីបម្រុងម្នាក់ ដើម្បីដាក់ស្នើជូនទៅក្រសួងសេដ្ឋកិច្ចពិនិត្យ និងវាយតម្លៃចំពោះការប្រកួតជាក្រុម (៣នាក់ទល់៣នាក់) ។ ប៉ុន្តែនៅក្នុងការស្នើសុំថវិកា គឺ៤នាក់ ដើម្បីបញ្ជាក់ថា នៅក្នុងវិញ្ញាសាជាក្រុមនេះ គឺប្រកួត៣នាក់ និងបម្រុងម្នាក់ គឺជាបញ្ហាបច្ចេកទេស។ ចំណែករឿងលំបាកគឺប្រភេទកីឡាវ៉ូវីណាម ដែលយើងពិភាក្សាគ្នាយូរបន្តិច ដោយការឈ្នះមេដាយច្រើននោះអត់បញ្ហាទេ ហើយបើលើវិញ្ញាសាប្រយុទ្ធក៏អត់បញ្ហាដែរ ប៉ុន្តែបញ្ហាចោទលើបញ្ហាមេដាយសំរឹទ្ធិស្ទួនលើប្រភេទកីឡាវិញ្ញាសាសម្តែងដោយមានការសួរដេញដោលថាហេតុអ្វីបានជាយកចំណាត់ថ្នាក់លេខ៤យកមកដាក់មេដាយសំរឹទ្ធិស្ទួន ហើយស្នើសុំថវិកា។
ជាមួយគ្នានោះតំណាងសហព័ន្ធបានបំភ្លឺ និងលើកបានបញ្ជាក់លើបញ្ហានេះហើយ ប៉ុន្តែទោះយ៉ាងនេះក្តីក៏គោលការណ៍ក្រសួងអប់រំអនុញ្ញាតផ្តល់ប្រាក់រង្វាន់ជ័យលាភីលេខ៣ស្ទួនតែលើវិញ្ញាសាប្រយុទ្ធទេ ។ ដោយអនុលោមតាមគោលការណ៍នានា ដូចជា វេជ្ជសាស្ត្រកីឡាជាដើម ដោយមេដាយស្ទួនលើវិញ្ញាសាសម្តែងនេះកម្រនឹងមានពិន្ទុស្មើគ្នាណាស់ ។ ជារួមក្រសួងអប់រំទទួលស្គាល់ពីមេដាយទាំងអស់របស់កីឡាវ៉ូវីណាម ហើយបញ្ហាស្នើសុំថវិកាលើលេខ៣ស្ទួនវិញ្ញាសាសម្តែងនេះ យើងស្នើសុំទៅថ្នាក់ដឹកនាំដើម្បីសម្រេច ៕