ថ្មីៗនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពាក់ព័ន្ធនឹងក្លឹប FC Seoul ដែលបាននាំយកតុក្កតាសិចមានសារធាតុស៊ីលីកូនជាច្រើនគ្រឿង មកដាក់អង្គុយនៅកីឡដ្ឋានតាំងនាមជាអ្នកគាំទ្រ ហើយបានទទួលការរិះគន់ច្រើនជាងមតិគាំទ្រ។
រឿងនេះបានកើតឡើងនៅប្រកួតរាង FE Seoul ដែលយកឈ្នះលើ Gwangju FC នាលទ្ធផល ១-០ កាលពីដើមសប្តាហ៍កន្លងទៅ។ ក្រោយរងការរិះគន់ ក្លឹប FC Seoul ក៏បានចេញសារសុំទោស ប៉ុន្តែរឿងមិនចប់ងាយៗនោះទេ ដោយ K-League កំពុងបើកការស៊ើបអង្កេតឲ្យដិតដល់ ហើយក្លឹបខាងលើប្រឈមនឹងរងការពិន័យដ៏ធ្ងន់ធ្ងរមួយ។
តាមច្បាប់ ប្រសិនពិនិត្យមើលឃើញថា មានល្មើសលើសកម្មភាពផ្សព្វផ្សាយផលិតផលអាសអាភាស នោះក្លឹប FC Seoul នឹងត្រូវពិន័យជាប្រាក់ប្រមាណ ៤ ពាន់ដុល្លារអាមេរិក ឬត្រូវកាត់ពិន្ទុក្នុងតារាងចំនួន ៥ ពិន្ទុ។
គួរបញ្ជាក់ថានៅ K-League របស់កូរ៉េខាងត្បូង ទើបតែបើកការប្រកួតសារជាថ្មី នៅថ្ងៃទី ៨ ឧសភាកន្លងទៅ ក្រោយខកខានរយៈពេលយូរដោយសារវីរុស COVID-19៕ ប្រភព៖ BeSoccer