ការប្រកួតកីឡាកង់ភ្នំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលលើកពេលតាំងពីដើមឆ្នាំ និងបន្តពន្យាពេលក្នុងខែឧសភា ឆ្នាំ២០២០នេះ នឹងត្រូវលើកទៅរៀបចំប្រកួត នាខែកញ្ញា ឆ្នាំ២០២០វិញ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩។
ព្រឹត្តិការណ៍ជើងឯកកង់ភ្នំ ដែលសហព័ន្ធតែងតែបានរៀបចំជារៀងរាល់ដើមឆ្នាំ ដើម្បីសម្រិតសម្រាំងរកធនធានឆ្នើមៗលើជំនាញកង់ភ្នំយកមកដុះខាត់សមត្ថភាពបន្ថែម ដើម្បីត្រៀមចូលរួមការប្រកួតប្រជែងនៅព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខ ក៏ដូចជាការប្រកួតក្នុងកម្រិតអន្តរជាតិផ្សេងៗផងដែរ។ នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ប្រាប់ថា៖
“ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះ ត្រូវ បានរៀបចំចាប់តាំងពីដើមឆ្នាំមកម្លេះ ប៉ុន្តែក្នុងឆ្នាំ២០២០នេះ សហព័ន្ធបានខកខានមិនអាចរៀបចំបានដោយ សាតែជំងឺកូដវីដ-១៩។ ដូច្នេះហើយទើបការប្រកយតជើងឯកកង់ភ្នំនេះត្រូវបានពន្យាពេល”។
លោកបានបន្ដថា ប្រសិនបើជំងឺកូវីដ-១៩ ត្រូវបានទប់ស្តាត់បានទាំងស្រុងដោយមិនមានការឆ្លងរាលដាល ឬបើកចំហឡើងវិញនោះ តាមគម្រោងសហព័ន្ធខ្មែរកីឡាទោចក្រយាននឹងរៀបចំ នាអំឡុងខែកញ្ញា ឆ្នាំ២០២០ ដោយបង្រួមមកត្រឹមតែ៣ដំណាក់កាលប៉ុណ្ណោះ។
ការប្រជែង៣ដំណាក់កាលនេះត្រូវជ្រើសរើស៣ទីតាំងមានដូចជា ដំ ណាក់កាលទី១ត្រូវប្រកួតនៅទីលានភ្នំជៀលខេត្តកំពង់ស្ពឺ,ដំណាក់កាលទី២ គ្រោងធ្វើនាខែវិច្ឆិកា នៅឧទ្យាន ខេត្តកែប និងដំណាក់កាលទី៣ដែលជាដំណាក់កាលប្រកួតបញ្ចប់ចុងក្រោយ គ្រោងនឹងធ្វើនៅលើកំពូលភ្នំគិរីរម្យ នាអំឡុងខែធ្នូ ឆ្នាំ២០២០៕
ប្រភព៖ NOCC , Cambodia SEA GAMES 2023