Alex Song អតីតកីឡាករ Arsenal និង Barcelona បាននិយាយថាឃើញកីឡាកររកបានប្រាក់ច្រើនក្នុង១សប្ដាហ៏ ប៉ុន្តែមិនមែនទាំងអស់សុទ្ធតែសល់លុយច្រើននោះទេ។
ត្បិតតែមិនបានជួយក្រុម Arsenal ច្រើននិងលេចធ្លោខ្លាំងមែន ប៉ុន្តែ Alex Song ត្រូវបានក្រុម FC Barcelona ទិញយកកាលពីឆ្នាំ២០១២កន្លងទៅ ក្នុងតម្លៃខ្លួន១៥លានផោន។ ការផ្ទេរនេះបានធ្វើឱ្យរូបគេកើនឡើងនូវតម្លៃខ្លួនពី៥៥ ០០០ផោនទៅដល់៧០ ០០០ផោន។ តែបើតាមសាមីខ្លួនបានបញ្ជាក់វិញ ត្បិតតែរកបានច្រើនមែននៅគ្រានោះ ប៉ុន្តែចុងក្រោយមិនបានសល់អ្វីនោះទេ។
ខ្សែបម្រើសញ្ជាតិកាមេរ៉ូនខាងលើនេះ បាននិយាយថា៖ “ខ្ញុំបានចាយខ្ជះខ្ជាយខ្លាំងណាស់ ខ្ញុំទៅញ៉ាំអាហារថ្លៃៗ ដើរលេងកន្លែងថ្លៃៗ ហើយអំឡុងពេល៨ឆ្នាំដែលខ្ញុំរកបាននោះ ខ្ញុំមិនបានសល់ប្រាក់នោះទេ សូម្បីតែ១សែនផោនក្នុងកុងធនាគារ។ ខ្ញុំធ្លាប់គិតថាខ្ញុំនឹងក្លាយជាអ្នកមានហើយ ប៉ុន្តែវាមិនពិតឡើយ”។
សូមបញ្ជាក់ថា Alex Song នៅពេលនេះ ទើបតែត្រូវក្រុម FC Sion បណ្ដេញចេញកាលពីខែមីនាកន្លងទៅ ដោយសារតែរូបគេមិនព្រមទទួលយកសំណើសុំកាត់ប្រាក់ឈ្នួលខ្លះ ដើម្បីជួយក្លឹបអំឡុងពេល Covid-19 ៕ប្រភព Marca