ការអូសបន្លាយពេលនៃការចរចាទិញយកក្លឹប Newcastle United ពីសំណាក់ក្លឹបអនាគតមេថ្មីដែលជាព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ក៏ជាឱកាសល្អមួយសម្រាប់ក្លឹប AS Roma ដែលគាប់ជួនកំពុងសិក្សាពីលទ្ធភាពស្វែងរកអ្នកដឹកនាំក្លឹបបន្តដែរនោះ។
បច្ចុប្បន្ន Roma ស្ថិតក្រោមការដឹកនាំដោយក្រុមហ៊ុន NEEP Roma Holding S.p.A ដែលមានភាគហ៊ុននៅក្លឹបដល់ទៅ ៧៩,០៤ ភាគរយឯណោះ។ យ៉ាងណាមិញតាមរបាយការណ៍ពី The Star បានចុះផ្សាយ ក្លឹបនៅអ៊ីតាលី [AS Roma] កំពុងទាក់ទងទៅកាន់ព្រះអង្គចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីតហើយ ដើម្បីសិក្សាពីលទ្ធភាពនៃការលក់ក្លឹបរបស់ខ្លួន ប្រសិនណាការចរចាជាមួយ Newcastle មិនទាន់ទទួលបានជោគជ័យតទៅទៀត។
នៅ Premier League ក៏មានក្លឹបជាច្រើន បានបង្ហាញការមិនពេញចិត្តការដែល Newcastle បម្រុងលក់ក្លឹបឲ្យមហាសេដ្ឋីលុយរយពាន់លានរូបនេះ ទើបជាមូលហេតុដែលធ្វើឲ្យការចរចាមានការអូសបន្លាយពេលយូរ។
បញ្ជាក់ថា Roma ជាក្លឹបដែលធ្លាប់ឈ្នះនៅលីគ Serie A ៣ សម័យកាល និងជាជើងខ្លាំងនៅពាន Coppa Italia ធ្វើបានដល់ទៅ ៩ សម័យកាលឯណោះ៕ ប្រភព៖ SportBible