ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ជុំវិញករណីដែលម្ចាស់ផ្ទះហ្វីលីពីនលុបចោលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ ដែលបន្តពន្យាពេលដល់ខែតុលា ឆ្នាំ២០២០។
ឯកឧត្តម យី វាសនា បញ្ជាក់ជូនថា៖ នៅក្នុងលិខិតឆ្លើយឆ្លងរបស់គណៈកម្មការកីឡាប្រទេសហ៊្វីលីពីន និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមហ្វីលីពីន នៅក្នុងខ្លឹមសារនេះបានប្រើប្រាស់ត្រឹមពាក្យថា នឹង ឬអាច នឹងលុបចោល មិនទាន់ច្បាស់ថា លុបចោល១០០ភាគរយនោះនៅឡើយទេ។ ដោយគ្រោងនឹងពិភាក្សាឡើងវិញនាខែកក្កដា ឆ្នាំ២០២០នេះថា តើត្រូវលុបចោលទាំងស្រុង ឬយ៉ាងណានោះទេ។ ដូច្នេះហើយទើបគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មិនទាន់ចេញលិខិតផ្លូវការសម្រាប់កម្ពុជានៅឡើយដែរ ដោយរង់ចាំពិនិត្យមើលនិតីវិធី និងការសម្រេចចុងក្រោយរបស់ម្ចាស់ផ្ទះ ហ៊្វីលីពីន”។
លោកបានបន្ថែមថា៖«ខ្ញុំនឹងធ្វើសេចក្តីប្រកាសឆាប់ៗនេះ ដោយនៅក្នុងលិខិតរបស់ហ៊្វីលីពីន លើចំណុច៣ និងចំណុច៤ ពាក់ព័ន្ធគ្នា ដែលពិនិត្យទៅស្ទើរតែ៩០ភាគរយ ដែលមានទំនោរឈានទៅរកការលុបចោលនោះដោយរង់ចំាមើលថា តើអាស៊ានប៉ារ៉ាហ្គេម លើកទី១០នេះ លើកទៅឆ្នាំ២០២១ ឬត្រូវគេលុបចោលទាំងស្រុងតែម្តង ឬត្រូវម្ចាស់ផ្ទះវៀតណាមត្រូវទទួលយកនូវ ព្រឹត្តិ ការណ៍លើកទី១០នេះ ឬលើកទី១១។ នេះជាគឺជាប្រវត្តិសាស្ត្រមួយ ដែលជាគ្រោះថ្នាក់មួយនៃវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ ដែលធ្វើឱ្យម្ចាស់ផ្ទះ ហ៊្វីលីពីនខ្វះខាតក្នុងការប្រើប្រាស់ថវិកា ហើយបានបង្វែរថវិកាកីឡានេះទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះផងដែរ »។
កន្លងមកថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីការលុបចោលនេះទាំងស្រុងរបស់ម្ចាស់ផ្ទះ ហ៊្វីលីពីន នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតពហុកីឡាជនពិការ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ១ខែ ដែលបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០១៩។ ប៉ុន្តែដោយសារការពន្យាពេលរបស់ម្ចាស់ផ្ទះ ហ៊្វីលីពីន ហើយចូលដល់វិបត្តិជំងឺកូវីដ-១៩នេះបានធ្វើឱ្យព្រឹត្តិការណ៍ថ្នាក់តំបន់មួយនេះត្រូវបានបន្តពន្យាជាច្រើនលើក និងគ្រោងរៀបចំនាខែតុលា ឆ្នាំ២០២០។ ប៉ុន្តែចុងក្រោយនេះត្រូវបានសារព័ត៌មាននានាបានចេញផ្សាយថា ព្រឹត្តិការណ៍នេះត្រូវបានលុបចោលតែម្តង៕