នៅកិច្ចប្រជុំដ៏សំខាន់មួយ បណ្តាម្ចាស់ភាគហ៊ុនគ្រប់ភាគីចូលរួមទាំងអស់បានសម្រេចលើមតិឯកច្ឆន្ទក្នុងការអនុញ្ញាតឲ្យកីឡាករអាចបន្តកុងត្រារយៈពេលខ្លីនៅ Premier League សម្រាប់អ្នកដែលត្រូវផុតកុងត្រាត្រឹមថ្ងៃទី ៣០ មិថុនា។
ជាទូទៅកីឡាករដែលត្រូវផុតកុងត្រានាពេលខាងមុខនេះ គឺត្រូវចាកចេញពីក្លឹបដោយឥតតម្លៃខ្លួន ណាមួយថ្ងៃទី ៣០ មិថុនា សម្រាប់រាល់ឆ្នាំគឺត្រូវចប់រដូវកាលបាត់ទៅហើយ តែឆ្នាំនេះដោយសារវិបត្តិកូវីដ១៩ ការប្រកួតអាចនឹងអូសបន្លាយដល់អំឡុងខែសីហាទើបចប់ការប្រកួតក៏ថាបាន។
តាមការសម្រេចដំណោះស្រាយដ៏សមគួរមួយ គឺកីឡាករមានសិទ្ធសម្រេចថាព្រមព្រៀងលើការបន្តកុងត្រារយៈពេលខ្លីរហូតដល់បញ្ចប់រដូវកាល ឬបញ្ឈប់ត្រឹមប៉ុណ្ណឹង។ ការសម្រេចរបស់កីឡាករទាំងអស់ត្រូវធ្វើឲ្យបានមុនថ្ងៃទី ២៣ មិថុនា។
កីឡាករសំខាន់ៗមួយចំនួន ដែលត្រូវសម្រេចលើរឿងនេះមានដូចជាខ្សែប្រយុទ្ធ Willian របស់ Chelsea ខ្សែប្រយុទ្ធស្លាប Ryan Fraser របស់ Bournemouth និងខ្សែការពារកណ្តាល Jan Vertonghen របស់ Spurs ជាដើម៕ ប្រភព៖ Sportskeeda