Ceballos ថា​មុន​មើល​ស្រាល Bale ឲ្យ​គ្រប់​គ្នា​ទៅ​ទស្សនា​ប្រកួត​មួយ​នេះ​សិន​ទៅ

Gareth Bale មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ទទួល​ការ​រិះគន់​និង​មតិ​ប្រតិកម្ម​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ដែល​ថា​រូប​គេ​ហាក់​គ្មាន​ផល​ចំណេញ​អ្វី​ទាល់​តែ​សោះ​សម្រាប់​ក្លឹប Real Madrid ពោល​គ្រាន់​តែ​មក​ចាំ​ស៊ី​ថ្លៃ​ពលកម្ម​ទទេៗ​តែ​ប៉ុណ្ណោះ។

តាម​ការ​យល់​ឃើញ​របស់ Dani Ceballos ដែល​បច្ចុប្បន្ន​កំពុង​បាក់ចិត្ត​ត្រៀម​ផ្ទេរ​ទៅ Arsenal ពេញ​ថ្លៃ នៅ​តែ​និយាយ​ពី​ភាព​វិជ្ជមាន​របស់​អតីត​មិត្ត​រួម​ក្រុម​ខ្លួន ដោយ​ថា​មុន​មើល​ស្រាល​ឬ​មិន​មាន​ជំនឿ​ជាក់​លើ Bale អ្នក​គួរ​ទៅ​ទស្សនា​វីដេអូ​ប្រកួត UEFA Champions League វគ្គ​ផ្តាច់ព្រ័ត្រ​មួយ​ជា​គំរូ​សិន​ទៅ។

Ceballos និយាយ​ប្រាប់ Deportes Cuatro ថា៖ “នៅ Premier League ក៏​ជា​លីគ​ដែល​សក្តិសម​សម្រាប់​គាត់​ដែរ តែ​ពេល​នេះ​គាត់​មាន​សារៈសំខាន់​ចាំបាច់​ហើយ​សម្រាប់​ក្លឹប Real Madrid ដោយ​អ្នក​កុំ​ភ្លេច​នូវ​អ្វី​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ក្លឹប ហើយ​បើ​នរណា​មិន​ទុក​ចិត្ត​អាច​ទៅ​មើល​ការ​ប្រកួត CL វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​ទៀត​បាន”។

បញ្ជាក់​ថា​នៅ​ឆ្នាំ ២០១៨ គ្រា​ដែល Real Madrid យក​ឈ្នះ​ហង្ស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កីឡាករ​វែល​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់ ដោយ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​កាល​នោះ ហើយ​ឈ្នះ MOTM ទៀត​ផង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT