កីឡាករ Dele Alli ត្រូវបានចោរ២នាក់ចូលផ្ទះកាលពីព្រឹកព្រលឹមថ្ងៃពុធកន្លងទៅនេះ ដោយបានយកគ្រឿងអលង្ការជាច្រើន។
ប្រភពបានបញ្ជាក់ថា Alli ត្រូវបានចោរវាយផងដែរ ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។ ក្រុមចោរទាំងពីរនាក់នោះ បិទមុខជិត បានចូលទៅផ្ទះរបស់ Alli នៅភាគខាងជើងក្រុងឡុង ដោយក្នុងផ្ទះនោះមានប្អូនប្រុសរបស់គេ និងមិត្តភក្ដិម្នាក់នៅទីនោះផងដែរ។ តែជាសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីនោះឡើយ។
កីឡាកររបស់ក្រុម Spurs បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ “អរគុណគ្រប់គ្នាដែលបានផ្ញើសារមកសួរនាំ។ វាជាបទពិសោធដ៏គួរឱ្យខ្លាចមួយ ប៉ុន្តែសំណាងល្អយើងមានសុវត្ថិភាព។ អរគុណសម្រាប់ការសួរនាំ”៕ប្រភព Dailymail