នាកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន GdS អតីតគ្រូបង្វឹកផ្នែកកាយសម្បទារបស់ Ronaldo គឺលោក Joao Aroso បានពន្យល់ពីហេតុផលចម្បងដែលអាចជួយឲ្យ CR7 ឈរជើងលើទីលានដល់អាយុ ៤០ ឆ្នាំ។
លោកបានបញ្ជាក់ច្បាស់ៗថា ប្រសិនណា Ronaldo អាចបញ្ចៀសមិនឲ្យរងបញ្ហារបួសធ្ងន់ធ្ងរណាមួយ នោះនឹងអាចលេងដល់អាយុ ៤០ ឆ្នាំឬ ៥ ឆ្នាំទៅមុខទៀតជាក់ជាពុំខាន។
លោក Aroso និយាយប្រាប់ GdS៖ “ម៉ាស៊ីនដូចជាគាត់នេះអាចធ្វើគ្រប់បែបយ៉ាងបាន ព្រោះគាត់ដឹងពីរាងកាយរបស់គាត់ច្បាស់ណាស់ និយាយទៅបើមិនមានរបួសនោះទេ គាត់នឹងអាចលេងដល់អាយុ ៤០ ឆ្នាំឯណោះ”។
លោកបន្ថែម៖ “ការប្រកួតប្រជែងថ្មី គឺជាអ្វីដែល Ronaldo ចង់បាននិងចង់ឈ្នះបំផុត ពេលនេះក្រុមបានត្រលប់មកហ្វឹកហាត់វិញ អ៊ីចឹងគាត់នឹងចាប់ផ្តើមមានសកម្មភាពបន្តទៀតហើយ”។
បញ្ជាក់ថាបុរសវ័យ ៣០ ជ្រេ Cristiano Ronaldo នារដូវកាល ២០១៩/២០ នេះ រកបាន ២៥ គ្រាប់និង Assist ៤ លើក នៅ ៣២ ប្រកួតសរុបឲ្យ Juventus៕ ប្រភព៖ AF