Manny Pacquiao បានបង្ហើបថាចង់ប្រកួតជាមួយអ្នកខ្លាំង Amir Khan នៅឆ្នាំនេះទៀត ដើម្បីឱ្យ Floyd Mayweather បានឃើញ និងត្រលប់ចូលសង្វៀនវិញ ដើម្បីប្រកួតជាមួយគេជាលើកទី២។
Pacquiao ទើបតែផ្ដួលកីឡាករអាហ្សង់ទីន Lucas Matthysse កាលពីថ្ងៃទី១៥កន្លងទៅនេះ នៅទឹកដីម៉ាឡេស៊ី។ ក្រោយពីយកឈ្នះ Lucas នេះហើយ កីឡាករហ្វីលីពីនរូបនេះ ចង់បន្ដអាជីពនេះដោយចង់ប៉ះជាមួយ Khan ទៀតនៅឆ្នាំនេះតែម្ដង ដើម្បីបង្ហាញឱ្យ Floyd ឃើញថា រូបគេនៅតែអាចវាយបាន ត្បិតអាយុច្រើនបន្តិចក្ដី ប៉ុន្តែ១ឆ្នាំ វាយ២ប្រកួតគ្មានបញ្ហានោះទេ។
ចំពោះការប្រកួតដែល Pacquiao ចង់ប៉ះ Khan នេះដែរ អាចនឹងធ្វើទៅរួច ត្បិតអី Khan ផ្ទាល់ក៏មានបំណងចង់សាកជាមួយជើងខ្លាំងប្រចាំអាស៊ីផងដែរ។ យ៉ាងណាមិញ មុននឹងឈានដល់ការប្រកួតនោះកើតមានឡើងបាន អ្នករៀបចំកម្មវិធីត្រូវប្រើពេលច្រើនទៀត ដើម្បីរកដៃគូ រៀបចំ និងរឿងចរចាតម្លៃខ្លួននៃការឡើងមកប្រកួត ជាមួយនិងការហៅកីឡាករផ្សេងៗ មកវៃអមគូឯកថែមទៀត។
មិនត្រឹមតែវាយ១ប្រកួតនេះទេ Pacman ចង់ប្រកួតជាមួយ Floyd ជាលើកទី២ថែមទៀត ក្រោយពីលើកមុនរូបគេចាញ់ពិន្ទុ។ ខណៈដែលពេលនេះ Floyd កីឡាករមិនស្គាល់ចាញ់សោះនោះ បានប្រកាសចូលនិវត្តន៏បាត់ទៅហើយ៕ប្រភព៖ DailyMail






