Van der Sar ​ថា Van de Beek អាច​ចេញ​ពី Ajax បាន​ហើយ តែ​ទាមទារ​រឿង​ចាំបាច់​មួយ

នាយក​ជាន់​ខ្ពស់​ប្រចាំ​ក្លឹប Ajax គឺ​អ្នកចាំទី​ជើង​ចាស់​លោក Van der Sar បាន​បង្ហើប​តម្រុយ​ចំៗ​ថា រ៉ាដា​កំពូល​មួយ​រូប​ដែល​ក្លឹប​ជា​ច្រើន​ចង់​បាន កីឡាករ Donny van de Beek អាច​ដើរ​ចេញ​ពី​ក្លឹប​នា​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ តែ​លុះត្រា​មាន​សំណើ​នូវ​តម្លៃ​សមស្រប​មួយ។

Van de Beek កំពុង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន តាំង​ពី Tottenham, Manchester United, Barcelona និង Real Madrid ជា​ដើម ​ក្រោយ​មើល​ឃើញ​ពី​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​របស់​កីឡាករ​ហូឡង់​ចាប់តាំង​ពី​ការ​ឡើង​ជើង​នៅ​ UCL នា​ឆ្នាំ ២០១៩។

លោក Van der Sar និយាយ៖ “ឆ្នាំ​ទៅ​យើង​បាន​និយាយ​ត្រូវរ៉ូវ​ជាមួយ Onana, Tagliafico និង Van de Beek ឲ្យ​បន្ត​ឈរ​ជើង​រដូវ​កាល​ក្រោយ​ទៀត ប៉ុន្តែ​យើង​ក៏​បាន​គិតគូរ​ដល់​អនាគត​នៃ​ជំហាន​បន្ទាប់​ក្នុង​អាជីព​ពួក​គេ តែ​ចំពោះ​តម្លៃ​ខ្លួន​គ្មាន​ការ​ចុះថោក​ជាង​មុន ៥០ ភាគរយ​អ្វី​ឡើយ”។

ជា​សារ​ដែល​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ភាគី​ខាង​ Bayern Munich ធ្លាប់​និយាយ លោក Van der Sar បន្ថែម៖ “ក្លឹប​ធំៗ​ដូច​ជា Bayern Munich បាន​និយាយ​ថា​តម្លៃ​ខ្លួន​កីឡាករ​នឹង​មាន​ការ​ធ្លាក់​ចុះ​នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ [ដោយសារ​វិបត្តិ COVID-19] តែ​ការ​និយាយ​បែប​នេះ​វា​ងាយ​សម្រាប់​ពួក​គេ​ដែល​ជា​អ្នក​ចាយ​លុយ​ទិញ តែ​សម្រាប់​កីឡាករ​ដែល​ចេញ​ពី Ajax គឺ​ខ្ញុំ​គិត​ថា​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ដដែល”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT