ខ្សែប្រយុទ្ធ Kylian Mbappe បានក្លាយជាម្ចាស់ពានរង្វាន់ Top Scorer នៅលីគកំពូលបារាំង បើទោះជារូបគេមាន១៨គ្រាប់ស្មើជាមួយ Wissam Ben Yedder របស់ក្រុម Monaco ក៏ដោយ។
ខ្សែប្រយុទ្ធខាងលើទាំងពីរនេះ រកបាន១៨គ្រាប់ដូចគ្នា មុនពេលលីគបារាំងបានប្រកាសរំសាយចោលកាលពីសប្ដាហ៍មុន។ ត្បិតតែស្មើគ្រាប់បាល់គ្នាមែន ប៉ុន្តែអ្នកដែលបាន Top Scorer សម្រាប់រដូវកាលនេះគឺ Mbappe ។ កត្តាដែលធ្វើឱ្យកីឡាករ PSG ជាអ្នកជាប់ឈ្មោះ ក៏ព្រោះតែរូបគេរកបានគ្រាប់បាល់ក្នុងពេលប្រកួត (Open Play) ច្រើនជាង Wissam Ben Yedder ដែល៣គ្រាប់ក្នុងចំណោម១៨គ្រាប់ រកបានដោយប៉េណាល់ទី។
មួយវិញទៀត Mbappe ក៏មាន goals-per-game rate ល្អជាង Yedder ដែរ ពោលគឺរូបគេមាន១៨គ្រាប់ក្នុង២០ប្រកួត ខណៈដែលកីឡាករ Monaco មាន១៨គ្រាប់ក្នុង២៦ប្រកួត។ កីឡាករជម្រើសជាតិបារាំងខាងលើនេះ រដូវកាលមុនក៏ជាម្ចាស់ស្បែកជើងមាសដែរ ដោយរកបាន៣៣គ្រាប់ក្នុងការបង្ហាញខ្លួន២៩ប្រកួតនៅលីគកំពូលបារាំង៕ប្រភព៖ Dailymail