ខ្សែបម្រើ Joichiro Sugiyama របស់ក្លិបអង្គរថាយហ្គឺរ បាននិយាយថាក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបរបស់ខ្លួនអាចប្រជែងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០នេះបានដោយដសារក្លិបមានចំណុចមួយចំនួន។
«ខ្ញុំគិតថា អង្គរថាយហ្គឺរ នឹងជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងៗដែលនឹងត្រូវប្រជែកយកពាន ខ្ញុំគិតអញ្ចឹង ដោយសាររដូវកាលនេះ ពួកយើងមានតំបន់ការពារមួយដែលនឹងនរ វាជាចំណុចសំខាន់ ហើយបន្ថែមពីនេះយើងក៏មានរបៀបប្រយុទ្ធដ៏ល្អមួយផងដែរ»។
«ខ្ញុំយល់ថាក្រុមទាំងអស់បានកើនឡើងនូវសម្ថភាពត្រង់តំបន់ការពារ ហើយពិតជាមានតុល្យភាពជាងឆ្នាំមុនៗ។ ចំណែកការលេងជាក្រុម និងអត្រានៃការគ្រប់គ្រងបាល់គឺពិតជារីកចម្រើនគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនក្នុងឆ្នាំនេះ»។
ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិជប៉ុនរូបនេះក៏បានបង្ហើបអំពីគោលដៅសំខាន់របស់ខ្លួនដែលចង់សម្រេចក្នុង MCL រដូវកាល ២០២០ នឹងព្យាយាមឲ្យក្លាយជាកីឡករបញ្ជូលបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ជូលទីច្រើនជាងគេជាថ្មីម្ដងទៀត។ ក្នុងរដូវកាលនេះគោលបំណងកីឡាករជប៉ុនរូបនេះគឺចង់ជួយក្រុមឲ្យស្ថិតក្នុងចំណាត់ថ្នាក់ល្អ យ៉ាងហោចណាស់លេខ ៣ក្នុងតារាង ឬល្អជាងនេះ៕