ក្រុមជម្រើសជាតិវាយកូនឃ្លីលើតុត្រៀមការប្រមូលផ្តុំឡើងវិញក្រោយស្ថានភាពកូវីដ១០ធូរស្រាល

សហព័ន្ធគ្រោងនឹងប្រមូលផ្តុំកីឡាករ កីឡាការិនីជម្រើសជាតិឈុតធំ នាពេលខាងមុខ ដោយ​​ការពន្យាពេលនៃការប្រមូលផ្តុំនេះដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែក្រុមឈុតថ្នាល​បាន​ប្រមូលផ្តុំតាំងពីខែមករា ឆ្នាំ២០២០មកម្លេះ ដោយគ្រាន់តែហ្វឹកហាត់នៅតាមផ្ទះ។

លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុមានប្រសាសន៍ថា ក្រុម​ជម្រើសជាតិឈុតធំអាចនឹងត្រូវប្រមូលសម្រាប់ឆ្នាំ២០២០ឡើងវិញ ឆាប់ៗខាងមុខ ដោយរង់​​ចាំ​ឆ្លងកាត់ និងសម្រេច នៅក្នុងកិច្ចប្រជុំមួយ នៅគណៈកម្មាធិការជាតិអូឡាំពិក នាព្រឹកថ្ងៃ​ស្អែកទី០៧ ខែឧសភា ឆ្នាំ២០២០។ ចំពោះក្រុមថ្នាលយុវជនដែលត្រូវបានប្រមូលផ្តុំ និងបន្ត​ការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនោះ គឺមានចំនួន៨នាក់ ក្នុងនោះមានកីឡាករ ០៦នាក់ និងកីឡាការិនី ០២នាក់។

លោកបានបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងស្រុកចំនួន៤ព្រឹត្តិ​​ការណ៍​ត្រូវពន្យាពេល ប៉ុន្តែព្រឹត្តិការណ៍ប្រកួតអន្តរជាតិចំនួន២ក្នុងតំបន់ ASEAN School Games និង ASEAN University Games នាចុងឆ្នាំ២០២០ គឺសហព័ន្ធនៅតែត្រៀមចូលរួម​ប្រកួតដដែល ខណៈម្ចាស់ផ្ទះនិងសហព័ន្ធអាស៊ានមិនទាន់ប្រកាសលុបចោលនោះ។

ព្រឹត្តិការណ៍អន្តរជាតិទាំងពីរ នាខែវិច្ឆិកា និងក្នុងខែធ្នូ ឆ្នាំ២០២០​ ​ប្រសិនបើវិបត្តិជំងឺកូវីដ-១៩នេះអាចនឹងល្អប្រសើរឡើងវិញ ហើយនឹងមិនអាចប៉ះពាល់ដល់​ការប្រកួតទាំងនេះទេ។ ទោះយ៉ាងនេះក្តី លោកអគ្គលេខាធិការរូបនេះនៅតែបង្ហាញនូវកម្ម​វិធីហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសឈុតថ្នាលនៅតាមផ្ទះរៀងៗខ្លួនយ៉ាង​យកចិត្ត​ទុកដាក់ ដើម្បីត្រៀមខ្លួនឱ្យបានខ្លាំងក្លា សម្រាប់ការប្រកួតអន្តរជាតិទាំងពីនេះ។

ក្រៅពីនេះ​លោកក៏បានបង្ហាញកម្មវិធីមួយចំនួនទៀត ដើម្បីត្រៀមបណ្តុះបណ្តាលធនធានអត្តពលិក​លើ​ប្រភេទកីឡាវាយកូនឃ្លីលើតុកម្ពុជាផងដែរ ដើម្បីបង្កើនគុណភាពបច្ចេកទេសសម្រាប់ដំណើរ​ការ​អភិវឌ្ឍ ឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា​ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT