Ronaldo ​ប្រាប់​ហេតុផល​មិន​ទៅ​លេង​នៅ​ចិន ឬ​កាតា ​ដូច​កីឡាករ​ដទៃ

Cristiano Ronaldo ​បាន​បញ្ជាក់​ថា​មាន​ក្លឹប​ជា​ច្រើន​ក្នុង​ប្រទេស​ចិន ​និង​កាតា ​ដែល​ចង់​បាន​រូបគេ​ទៅ​លេង​នៅ​លីគ​ប្រទេស​នោះ ប៉ុន្តែ​ខ្លួន​បដិសេធ​ព្រោះ​ចង់​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​បន្ដ​ទៀត។

ក្នុង​ឱកាស​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ក្លឹប Juventus ​ខ្សែ​ប្រយុទ្ធ Ronaldo ​បាន​បញ្ជាក់​ថា​ខ្លួន​សប្បាយ​ចិត្ត​ដែល​បាន​មក​លេង​នៅ​ទឹក​ដី​អ៊ីតាលី។ ​នេះ​ជា​លីគ​ប្រកួតប្រជែង​ខ្ពស់​មួយ ​ដែល​ខ្លួន​រំពឹង​ថា​នឹង​មាន​ឱកាស​ទទួល​បាន​បទ​ពិសោធ​ច្រើន​ទៀត។ កីឡាករ​ប្រធាន​ក្រុម​ព័រទុយហ្គាល់​ខាង​លើ​នេះ​បន្ដ​ទៀត​ថា ​ខ្លួន​មិន​ទៅ​លេង​នៅ​ក្លឹប​ក្នុង​ប្រទេស​ចិន​ឬ​កាតា ​ដោយសារ​តែ​ចង់​លេង​ក្នុង​ក្របខណ្ឌ​ប្រកួត​ប្រជែង​ខ្ពស់​ដ​ដែល។ ​មាន​កីឡាករ​ជា​ច្រើន​វ័យ​ត្រឹម​រូបគេ គឺ​ដឹង​តែ​ទៅ​រក​ក្លឹប​ណា​ដែល​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ហើយ ប៉ុន្តែ​សម្រាប់​ខ្លួន​ចង់​លេង​តែ​លីគ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ប៉ុណ្ណោះ។

Ronaldo ​វ័យ​៣៣​ឆ្នាំ​បាន​ផ្លាស់​ទៅ Juventus ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន ​ក្រោយ​ពី​រូបគេ​បាន​ជោគជ័យ​និង​ឈ្នះ​ពាន​គ្រប់​យ៉ាង​នៅ​ទឹក​ដី​អេស្ប៉ាញ។ កីឡាករ ពូកែ​រក​គ្រាប់​បាល់​បាន​គ្រប់​ក្បាច់​រូប​នេះ ​រក​គ្រាប់​បាល់​ឱ្យ Real Madrid ​បាន​៤៥១​គ្រាប់ ​ជា​កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​នៅ​ក្លឹប​អេស្ប៉ាញ​នេះ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT